2025-03-21 16:31
55

ភ្នំពេញ៖ ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ នេះ បានបង្ហើបអំពីគម្រោងកសាងវិមានធំថ្មីមួយទៀត សម្រាប់ទុករៀបចំកម្មបវិធីផ្សេងៗ ដោយមិនចាំចាញ់ខ្ចីវិមានសន្តិភាពទៀតទេ និងបានស្នើឱ្យលោក ប្រាក់ សុខុន ឱ្យធ្វើជាប្រធានគណៈកម្មាធិការក្នុងការកសាងវិមាននេះ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបបែបនេះ នាឱកាសដែលសម្តេចប្រមុខរដ្ឋស្តីអញ្ជើញជាអធិបតីភាពខ្ពង់ខ្ពស់ក្នុងពិធីបំពាក់ឋានន្តរសក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥» នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និង សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅទីស្ដីការគណៈរដ្ឋមន្រ្តី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ឥលូវនេះអនុញ្ញាតឱ្យខ្ញុំថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានឱ្យខ្ញុំខ្ចីវិមានសន្តិភាពសម្រាប់ធ្វើពិធីបំពាក់បំពាក់ឋានន្តរសក្តិ ប៉ុន្តែបន្តិចទៀតខ្ញុំនឹងមានទីកន្លែងខ្លួនឯង ដែលកន្លែងនេះខ្ញុំក៏សាងតែខ្ញុំមិនបាននៅទីនេះទេ ហើយអ្នកដែលនៅទីនេះក៏មិនប្រាកដថា នៅទីនេះបាន ១០០ឆ្នាំដែរ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្តេចនឹងទៅធ្វើវិមាននៅព្រឹទ្ធសភាមួយទៀត ប៉ុន្តែមិនធំដូចវិមានសន្តិភាពនោះទេ ប៉ុន្តែសម្តេចចង់មានវិមានខ្លួនឯង និងបានស្នើលោក ប្រាក់ សុខុន ឱ្យធ្វើជាប្រធានគណៈកម្មាធិការក្នុងការកសាងវិមាននេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា នៅពេលសាងសង់រួចនៅឆ្នាំក្រោយនេះ បើសិនមានការរៀបចំកម្មដូចនេះទៀត សម្តេចមិនចាំបាច់ប្រើប្រាស់វិមានសន្តិភាព ដើម្បីរៀបចំនោះទេ គឺសម្តេចមានទីតាំងខ្លួនឯងហើយ៕