2025-03-21 20:52
155

ភ្នំពេញ៖ អ្នកបើកបររថយន្តសណ្តោងរ៉ឺម៉កក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករថយន្តលើកំណាត់ផ្លូវជាតិលេខ៤ បណ្តាលឱ្យអ្នកជិះម៉ូតូ ចំនួន ០៣ នាក់ បានស្លាប់ និងផ្ទុះការវែកញែកជាច្រើនលើបណ្តាញសង្គមនោះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេច អនុញ្ញាតឲ្យអ្នកបើកបររថយន្ត វិលត្រឡប់ទៅលំនៅឋានវិញ និងបន្តចាត់ការសំណុំរឿងតាមនីតិវិធីច្បាប់ជាធរមាន។

ខាងលើនេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឱ្យដឹងនាយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះ។


អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានទទួលសំណុំរឿងពីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងករណី គ្រោះថ្នាក់ចរាចរណ៍ (ម៉ូតូបុករថយន្ត) ដែលមានឈ្មោះ នឹម ឡាំភាង បានបើកបររថយន្ត ០១ គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 31-3885 ធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិច តាមបណ្តោយផ្លូវជាតិលេខ៤ លុះមកដល់ចំណុច ចន្លោះគីឡូម៉ែត្រលេខ (៦៥-៦៦) ស្រាប់តែមានម៉ូតូ ០១ គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GY-9242 បើកបរដោយ ឈ្មោះ ម៉ុត រ៉ាក់ រួមដំណើរជាមួយឈ្មោះ អាត សំអូន និងឈ្មោះ សាម ផានិត ក្នុងទិសដៅពីទិសខាងលិចទៅ ទិសខាងកើត រួចបានវ៉ារថយន្ត ០១ គ្រឿង មកបុករថយន្ត ០១ គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 31-3885 បើកបរដោយឈ្មោះ នឹម ឡាំភាង ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរ ម៉ូតូ និងអ្នករួមដំណើរទាំង ០៣នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

សេចក្តីប្រកាសព័ត៌មាន បានបន្ថែមទៀតថា ផ្អែកតាមរបាយការណ៍សំយោគលេខ ៣៤៦/២៥ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ របស់ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សមត្ថកិច្ចបានសន្និដ្ឋានថា៖ «អ្នកបើកបរម៉ូតូ ០១ គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GY-9242 បើកបរពីទិសខាងលិចទៅទិសខាងកើត ផ្ទុកមនុស្ស ០៣ នាក់ លើសចំនួនកំណត់ បើកបរមិនប្រកាន់ស្តាំ ត្រង់ចំណុចមានគំនូសជាប់បង្អួតកណ្តាលទ្រូងផ្លូវ (ហាមបើកបរជែង ឬឆ្លងកាត់) បានបើកបញ្ច្រាសទិស ចរាចរណ៍ក្នុងចំណែកផ្លូវម្ខាងទៀត ទៅបុករថយន្ត ០១ គ្រឿង ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាបង្កឡើងនូវគ្រោះថ្នាក់ បណ្តាលឲ្យស្លាប់ខ្លួនឯង និងអ្នកដទៃ គឺខុសច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។ ចំណែកឯអ្នក បើកបររថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 31-3885 គ្មានប័ណ្ណបើកបរ គឺខុសច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក»។

បន្ទាប់ពីទទួលសំណុំរឿង ពិនិត្យភស្តុតាង និងធ្វើការសាកសួរទៅលើអ្នកបើកបរឈ្មោះ នឹម ឡាំភាង តាមនីតិវិធីច្បាប់រួចមក តំណាងអយ្យការបានសម្រេចអនុញ្ញាតឲ្យអ្នកបើកបររថយន្តខាងលើ វិលត្រឡប់ទៅ លំនៅឋានវិញ និងបន្តចាត់ការសំណុំរឿងខាងលើនេះ តាមនីតិវិធីច្បាប់ជាធរមាន៕