
ភ្នំពេញ៖ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ បានទទួលជួបពិភាក្សាការងារជាមួយ លោក Teoman Yagli នាយកគ្រប់គ្រងក្រុមហ៊ុន Dersu Balikcilik និងសហការី ដែលមានបំណងស្វែងរកអ្នកផ្គត់ផ្គង់ និងអ្នកនាំចេញត្រីប្រា ត្រីអណ្តែង និងគ្រឿងសមុទ្រ នៅក្នុងប្រទេសកម្ពុជា ដើម្បីសិក្សាលទ្ធភាពក្នុងការនាំចូលដោយផ្ទាល់មកផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងប្រទេសតួកគីយ៉េ។
នៅក្នុងឱកាសនោះផងដែរ លោកអនុព័ន្ធពាណិជ្ជកម្មបានជម្រាបជូនភាគីក្រុមហ៊ុន អំពីស្ថានភាពនៃការ ផលិតត្រីនិងនាំចេញត្រីនៅកម្ពុជា និងបានសាកសួរព័ត៌មានបន្ថែមពីក្រុមហ៊ុនអំពីលក្ខខណ្ឌគុណភាព បរិមាណប៉ាន់ស្មានសម្រាប់តម្រូវការនាំចូល ថេរវេលានៃការផ្គត់ផ្គង់ និងលក្ខខណ្ឌតម្រូវមួយចំនួនទៀត។
ជាការឆ្លើយតបទៅនឹងសំណើររបស់ក្រុមហ៊ុន Dersu Balikcilik លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្ម បានចែករំលែកជូននូវព័ត៌មានទំនាក់ទំនងរបស់ ក្រុមហ៊ុន សហគ្រាស និងកសិដ្ឋាន ដែលជាអ្នកចិញ្ចឹម និងកែច្នៃត្រីសម្រាប់នាំចេញទៅក្រៅប្រទេស ដើម្បីឱ្យក្រុមហ៊ុនអាចទំនាក់ទំនង និងសិក្សាលទ្ធភាពក្នុងការធ្វើពាណិជ្ជកម្មលើផលិតផលត្រី និងគ្រឿងសមុទ្រនេះ នាពេលអនាគតផងដែរ៕


