
ទីក្រុងប៊្រុសសែលស៍ (Brussels)៖ ស្របពេលបច្ចុប្បន្ន ភូមិសាស្រ្ដនយោបាយអន្ដរជាតិ កំពុងតែតានតឹងយ៉ាងខ្លាំង ក៏ដូចជា សង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ដែលបានអូសបន្លាយ អស់រយៈពេលជាង៣ឆ្នាំកន្លងមកនេះ បានធ្វើឲ្យរដ្ឋាភិបាលជាច្រើន នៅលើពិភពលោក បង្កើនការចំណាយលើវិស័យការពារជាតិសរុប កើនឡើង រហូតដល់២,៤៦ទ្រីលលាន ឬពាន់ពាន់លានដុល្លារ ខណៈឥឡូវ តំបន់អឺរ៉ុបកំពុងតែស្វះស្វែងបង្កើតទីផ្សារតែមួយគត់ សម្រាប់វិស័យការពារជាតិរបស់ប្លុកសេរីមួយនេះ ដើម្បីការពារខ្លួនឯង។
សារព័ត៌មាន Africa News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ថា វិស័យឧស្សាហកម្មការពារជាតិរបស់តំបន់អឺរ៉ុប មានការបែកបាក់គ្នាយ៉ាងខ្លាំង ជាមួយនឹងទីផ្សារគ្របដណ្តប់ ដោយប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និង ស៊ុយអែត និង សហគ្រាសធុនតូច និងមធ្យម ជាង ២៥00 ដែលជារឿយៗ នាំឱ្យមានការផលិតជាន់គ្នា និង ការចម្លងតាមគ្នា។
លោក រីហូ ធាររ៉ាស់ (Riho Terras) អនុប្រធានគណៈកម្មាធិការសន្ដិសុខ និង ការពារជាតិ នៃសភាអឺរ៉ុប និង ជាអតីតមន្រ្ដីយោធារបស់ប្រទេសអេស្ដូនី បានផ្ដល់បទសម្ភាសន៍មួយដល់សារព័ត៌មាន Euronews ថា៖«បច្ចុប្បន្ន យើងកំពុងតែផលិតឧបករណ៍ការពារជាតិ មានតម្លៃថ្លៃខ្លាំងណាស់ ប៉ុន្ដែវាមានចំនួនតិច។ អ្វីដែលយើងត្រូវការ គឺបង្កើតទីផ្សារការពារជាតិមួយ ដើម្បីផ្ដល់បរិមាណតាមតម្រូវការចាំបាច់ សម្រាប់គ្រាប់រំសេវ មីស៊ីល និង ឧបករណ៍ការពារជាតិផ្សេងៗទៀត។ បណ្តាប្រទេសជាច្រើន ត្រូវតែបង្រួបបង្រួម និង ទិញរួមគ្នា ដោយផ្តល់ឱកាសដល់សហគ្រាសខ្នាតតូច និង មធ្យម ធ្វើប្រតិបត្តិការស្មើៗគ្នា នៅក្នុងទីផ្សារវិស័យការពារជាតិរបស់ប្លុកសេរីមួយនេះ។
សហភាពអឺរ៉ុប បានបង្កើនផលិតកម្មលើវិស័យការពារជាតិ កើនឡើង រហូតដល់ចំនួនបួនដង ក្រោយការចាប់ផ្តើមឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានរដ្ឋជាសមាជិកណាមួយរបស់ប្លុកនេះ មានសមត្ថភាពពង្រីកវិស័យឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប អាចប្រកួតប្រជែង ជាមួយនឹងក្រុមហ៊ុនឧស្សាកម្មការពារជាតិល្បីៗរបស់ពិភពលោក ដូចជា ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក និងចិន… បាននោះឡើយ។
លោកស្រី អ៊ុយស៊ូឡា វ៉ន់ ដឺរ ឡេយ៉ែន (Ursula von der Leyen) ប្រធានគណៈកម្មការអឺរ៉ុប មានក្ដីស្រមៃ ថា ប្លុកសេរីមួយនេះ នឹងបង្កើតទីផ្សារតែមួយគត់ សម្រាប់ផលិតផល និង ផ្ដល់សេវាកម្មការពារជាតិ នៅចុងបញ្ចប់ នៃអាណត្តិរបស់លោកស្រី។ ទន្ទឹមគ្នានេះ លោកស្រី មានមហិច្ឆតាខ្ពស់ ចង់បង្កើនសមត្ថភាពផលិតកម្មការពារជាតិរបស់អឺរ៉ុប ដោយជំរុញផលិតកម្មរួមគ្នា និង កាត់បន្ថយការពឹងផ្អែកលើវិស័យការពារជាតិ ទៅលើប្រទេសទី៣ បើទោះជាក្រុមអ្នកវិភាគខ្លាំង បានលើកឡើង ថា ចក្ខុវិស័យរបស់លោកស្រី នឹងមិនងាយស្រួលសម្រេចបានជោគជ័យ នៅត្រឹមឆ្នាំ២០២៩ យ៉ាងណាក៏ដោយ។
លោក ផល់ ថាយល័រ (Paul Taylor) ជាមន្រ្ដីជាន់ខ្ពស់មួយរូប នៃមជ្ឈមណ្ឌលគោលនយោបាយអឺរ៉ុប បានប្រាប់ដល់ក្រុមអ្នកកាសែត ថា៖«វិស័យឧស្សាហកម្មការពារ ជាអតិថិជនផ្តាច់មុខតែមួយ សម្រាប់រដ្ឋ ហើយប្រសិនបើមិនផ្តាច់មុខទេ នោះកម្រមានច្រើនជាងក្រុមហ៊ុនពីរ ដូច្នេះវាពិតជាមិនមានវិសាលភាព សម្រាប់ទីផ្សារប្រកួតប្រជែង ដែលអ្នកមានអតិថិជនច្រើន ប្រើជម្រើសអតិថិជនរបស់ពួកគេ និង អ្នកផ្តល់សេវាជាច្រើន ដែលប្រកួតប្រជែង សម្រាប់អតិថិជនទាំងនោះ។ ការព្រួយបារម្ភអំពីសន្តិសុខជាតិ ក៏អាចត្រូវបានកោះហៅ ដោយរដ្ឋជាសមាជិក ដើម្បីចៀសវាងការដេញថ្លៃ ប្រកួតប្រជែង នៅក្នុងលទ្ធកម្មសាធារណៈរួម។
ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ សហភាពអឺរ៉ុប បានអំពាវនាវម្តងហើយម្តងទៀត ដល់សមាជិករបស់ខ្លួន ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ និង ដោះស្រាយគម្លាតសមត្ថភាពសំខាន់ៗ នៅក្នុងវិស័យការពារជាតិរបស់ប្លុកនេះ ដូចជា ការផលិតគ្រាប់រំសេវ យន្តហោះគ្មានមនុស្សបើក ឬដ្រូន ប្រព័ន្ធការពារមីស៊ីលតាមផ្លូវអាកាស និង AI…ជាដើម។
បើទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ សហភាពអឺរ៉ុប នៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចូលគ្រឿងសព្វាវុធ មកពីសហរដ្ឋអាមេរិក ដោយមានចំនួនសរុប៦៤ភាគរយ ចន្លោះពី២០២០-២០២៤។ ពោលគឺកើនឡើង ៥២ភាគរយ បើធៀបនឹងចន្លោះពីឆ្នាំ២០១៥ដល់២០១៩។ បញ្ហានេះ ទើបធ្វើឲ្យសហភាពអឺរ៉ុប ជំរុញឲ្យធ្វើលទ្ធកម្មរួមគ្នាបន្ថែមទៀត នឹងជួយកាត់បន្ថយនូវការពឹងផ្អែករបស់ប្លុកនេះ ជាមួយដៃគូប្រកួតប្រជែងរបស់ពិភពលោក រួមទាំងប្រទេសចិន ជាដើម។
នៅក្នុងសៀវភៅស ស្តីពីអនាគតការពាររបស់អឺរ៉ុប គណៈកម្មការអឺរ៉ុប បានព្រមាន កាលពីថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ អឺរ៉ុបមិនអាចទទួលយកការធានាសន្តិសុខ ពីសហរដ្ឋអាមេរិក បាននោះទេ ហើយត្រូវតែបង្កើនការរួមចំណែករបស់ខ្លួនយ៉ាងសំខាន់ សម្រាប់ការពារកម្លាំងរបស់អង្គការណាតូ ព្រោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានផ្តោតកាន់តែខ្លាំង ទៅលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ការព្រមាននេះ បានបង្ហាញយ៉ាងច្បាស់ អំពីស្ថានការណ៍ភូមិសាស្រ្ដនយោបាយអន្ដរជាតិ កាន់តែតានតឹងឡើង។ ដូច្នេះអឺរ៉ុប ត្រូវតែបង្កើនវិស័យការពារជាតិ ដើម្បីការពារប្លុករបស់ខ្លួន៕