2025-03-24 15:33
40

ទីក្រុងប៊្រុសសែលស៍៖ ថ្វីបើមានកិច្ចខិតខំប្រឹងប្រែង ពីបណ្ដាប្រទេសមហាអំណាចលោកខាងលិច ជំរុញឲ្យមានបទឈប់បាញ់ពេញលេញ នៅក្នុងប្រទេសអ៊ុយក្រែន សម្រាប់ការសម្របសម្រួលដល់ដំណើរការឆ្ពោះទៅរកសន្ដិភាព នៅក្នុងប្រទេសអឺរ៉ុបខាងកើត ដែលហែកហួរដោយសារសង្គ្រាមរ៉ាំរ៉ៃនេះយ៉ាងណាក្ដី ក៏ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន មិនព្រមទទួលយកនោះដែរ ហើយគាត់បានឯកភាពត្រឹមតែ មិនវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលតែប៉ុណ្ណោះ ទើបមេដឹកនាំសហភាពអឺរ៉ុបចំនួន២៦ប្រទេស បានច្រានចោលសំណើរបស់មេដឹកនាំវិមានក្រឹមឡាំងរូនេះ លើការបញ្ឈប់បង្ហូរជំនួយទៅដល់រដ្ឋាភិបាលក្រុងកៀវ។

សារព័ត៌មាន Africa News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ថា មេដឹកនាំរបស់រដ្ឋជាសមាជិកសហភាពអឺរ៉ុប ចំនួន២៦ប្រទេស នៅក្នុងចំណោម២៧ប្រទេសបានទាត់ចោលនូវការចង់បានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលថា ជំនួយយោធាបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន គួរតែត្រូវបានបញ្ឈប់ទាំងស្រុង ហើយនេះជាផ្នែកមួយ នៃការចរចាបន្ដឆ្ពោះទៅរកបទឈប់បាញ់ ខណៈមេដឹកនាំរុស្ស៊ី រូបនេះ បានទទួលយកត្រឹមតែផ្នែកមួយប៉ុណ្ណោះ។

លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានលើកឡើងសំណើជាច្រើនរបស់គាត់ នៅក្នុងអំឡុងការចរចាតាមទូរស័ព ជាមួយនឹងសមភាគីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអង្គារ ទី១៨ ខែមីនា ខណៈមេដឹកនាំវិមានក្រឹមឡាំង រូបនេះ បានយល់ព្រមត្រឹមតែបញ្ឈប់ការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន តែប៉ុណ្ណោះ។ ប៉ុន្ដែលោក ពូទីន មិនទទួលយកបទឈប់បាញ់យ៉ាងទូលំទូលាយ ដោយគ្មានលក្ខខណ្ឌ តាមអ្វីដែលសហរដ្ឋអាមេរិក និង អ៊ុយក្រែន បានព្រមព្រៀងគ្នា កាលពីសប្តាហ៍មុន នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នោះឡើយ។

ដោយឡែក វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ ថា៖«ការចរចាតាមទូរស័ព្ទរបស់រុស្ស៊ី គឺជាការចង្អុលបង្ហាញ ថា ការបញ្ឈប់ផ្តល់ជំនួយយោធា និង ការផ្ដល់ព័ត៌មានស៊ើបការណ៍សម្ងាត់ទាំងស្រុង ទៅដល់រដ្ឋាភិបាលក្រុងកៀវ ត្រូវតែក្លាយជាលក្ខខណ្ឌដ៏សំខាន់ សម្រាប់ការទប់ស្កាត់នូវការកើនឡើង នៃជម្លោះ និង ធ្វើឱ្យមានវឌ្ឍនភាព ឆ្ពោះទៅរកដំណោះស្រាយ តាមរយៈមធ្យោបាយនយោបាយ និងការទូត»

បើទោះជាយ៉ាងណាក៏ដោយ មេដឹកនាំសហភាពអឺរ៉ុបទាំងអស់ លើកលែងតែហុងគ្រី កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ បានច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការចង់បានរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន។ ការសន្និដ្ឋានមួយត្រូវបានអនុម័ត នៅក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាព នៅទីក្រុងប្រ៊ុសសែលស៍ ប្រទេសប៊ែលហ្ស៊ិក បណ្ដាប្រមុខរដ្ឋ និងរដ្ឋាភិបាលរបស់ប្លុកនេះ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ត្រូវតែបន្តការផ្តល់គ្រឿងសព្វាវុធ  និងគ្រាប់រំសេវ ជួយដល់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ទប់ទល់ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

សេចក្ដីសម្រេចរបស់មេដឹកនាំសហភាពអឺរ៉ុប បានបញ្ជាក់ ថា៖«សហភាពអឺរ៉ុប នៅតែរក្សានូវវិធីសាស្រ្ត«សន្តិភាពតាមរយៈកម្លាំង»របស់ខ្លួន ដែលតម្រូវឱ្យអ៊ុយក្រែន ស្ថិតក្នុងស្ថានភាពដ៏រឹងមាំបំផុត ដោយមានកម្លាំងយោធា និង កងកម្លាំងការពារជាតិដ៏រឹងមាំរបស់ខ្លួន សម្រាប់ជាធាតុផ្សំយ៉ាងសំខាន់បំផុត។ សេចក្ដីសម្រេចនោះ ក៏បានអំពាវនាវដល់រដ្ឋជាសមាជិក ត្រូវតែបង្កើននូវកិច្ចខិតខំប្រឹងប្រែង ជាបន្ទាន់ទៅតាមតម្រូវការចំាំបាច់ខាងយោធា និង ការពារជាតិ»

លោក អេនតូនីញ៉ូ កូស្ដា (António Costa) ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបញ្ជាក់ នៅមុនកិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុប ថា៖« ឥឡូវ យើងនឹងបន្តគាំទ្រអ៊ុយក្រែន នៅក្នុងការចរចានាពេលអនាគត  ហើយជាពិសេស នៅក្នុងពេលមានសន្តិភាព»

បើទោះជា មេដឹកនាំចំនួន២៦ប្រទេស នៅក្នុងចំណោមរដ្ឋជាសមាជិកទាំង២៧ប្រទេសរបស់សហភាពអឺរ៉ុប បានចុះហេតុលេខាលើការគាំទ្របន្ដផ្ដល់ជំនួយយោធា ដល់ប្រទេសអ៊ុយក្រែន យ៉ាងណាក៏ដោយ ក៏លោក វិកទ័រ អបាន (Viktor Orbán) នាយករដ្ឋមន្រ្ដីហុងគ្រី បានបដិសេធជាថ្មី នៅក្នុងការចុះហត្ថលេខាគាំទ្រ។

នាយករដ្ឋមន្ត្រីហុងគ្រី បានចំណាយពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រឆាំងនឹងគោលនយោបាយរបស់សហភាពអឺរ៉ុប ស្តីពីអ៊ុយក្រែន។ លោកនាយករដ្ឋមន្រ្ដី អបាន គឺជាអ្នករិះគន់ដល់ការផ្ដល់ជំនួយយោធា បញ្ជូនទៅជួយដល់អ៊ុយក្រែន ហើយមានរយៈពេលជិត២ឆ្នាំ សម្រាប់គាត់ បានវិលត្រឡប់មករារាំងជំនួយ តាមរយៈមូលនិធិរួមរបស់សហភាពអឺរ៉ុប មានទំហំទឹកប្រាក់ ៦,៦ពាន់លានអឺរ៉ូ ឬស្មើនឹងប្រហែល៧,១៥ពាន់លានដុល្លារអាមេរិក។ នាយករដ្ឋមន្រ្ដីហុងគ្រី រូបនេះ បានគំរាមចំនួន២ដងរួចមកហើយ ថា សហភាពអឺរ៉ុប នឹងបង្អាក់នូវការអូសបន្លាយទណ្ឌកម្មរបស់ខ្លួន ប្រឆាំងនឹងរុស្ស៊ី ដោយបន្សល់ទុក រហូតដល់នាទីចុងក្រោយ៕