
ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ កាលពីម្សិលមិញនេះ ពាក់ព័ន្ធនឹងករណីកុមារអាយុ ៣ឆ្នាំ ៦ខែ ម្នាក់បានស្លាប់ ដោយសារជំងឺផ្ដាសាយបក្សី (H5N1) ស្ថិតនៅឃុំ បុសលាវ ស្រុក ចិត្របុរី ខេត្ត ក្រចេះ។
ជុំវិញនូវករណីដែលកើតមានចំពោះកុមារខាងលើ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិកំពុងសហការជាមួយក្រុមការងារ នៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ធ្វើការអង្កេត តាមដាន ស្រាវជ្រាវយ៉ាងសកម្មនៅកន្លែងកើតហេតុ ដោយបានយកសំណាកលើប្រជាជនដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ និងបន្តស្វែងរកករណីសង្ស័យនិងអ្នកដែលបានប៉ះពាល់ផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងបានព្យាបាល បង្ការបន្ទាន់ដោយឱសថ តាមីហ្គូ (Tamilu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំ ណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកើតហេតុខាងលើ ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺផ្ដាសាយបក្សី (H5N1) នេះ។
បន្ថែមពីនេះ ក្រសួងសុខាភិបាលក៏បានធ្វើការក្រើនរំឭក ក៏ដូចជាអំពាវនាវសាជាថ្មីទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ពស់ពាក់ព័ន្ធនឹងជំងឺផ្ដាសាយបក្សី។ ពីព្រោះជំងឺនេះ នៅតែបន្តគំរាមគំហែងដល់សុខភាពប្រជាពលរដ្ឋ ហើយប្រសិនជាបងប្អូន ប្រជាពលរដ្ឋ មានអាការៈដូចជាក្ដៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយ មាន់ ទាឈឺ ឬងាប់ក្នុងអំឡុងពេល១៤ថ្ងៃមុនចាប់ផ្ដើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជននានាដែលមានមនុស្សច្រើនដើម្បីបង្ការការឆ្លងទៅកាន់អ្នកដទៃ។ ម្យ៉ាងវិញទៀត ត្រូវទៅរកការពិគ្រោះយោបល់និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះជាបន្ទាន់ ជៀសវាងការពន្យារពេល ដែលជាហេតុអាចប្រឈមនឹងហានិភ័យខ្ពស់ ឬបាត់បង់អាយុជីវិតជាយថាហេតុជាដើម។