2025-03-24 16:01
32

ភ្នំពេញ៖ «ស្ទើរគ្រប់កំណាត់ នៃការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)បានរួចរាល់ហើយ ដែលមានន័យថា បងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរបានយ៉ាងងាយស្រួល អមដោយរុក្ខជាតិ ព្រៃព្រឹក្សាខៀវស្រងាត់ ត្រជាក់ភ្នែក ជាទីដ៏មនោរម្យមិនអាចកាត់ថ្លៃបាន»។ នេះបើតាមការបញ្ជាក់របស់ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ផន រឹម បានឱ្យដឹងថា «គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨ គីឡូម៉ែត្រ សម្រេចលទ្ធផល ៩៣,២៨% ហើយ។ គ្រប់កំណាត់ នៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កំពុងសម្រុកអ៊ុត AC, គូសគំនូសចរាចរណ៍បែកចែកទ្រូង, ដំឡើងបង្គោលគីឡូម៉ែត្រ, ដំឡើងផ្លាកសញ្ញាចរាចរណ៍, ដំឡើងផ្លាកសញ្ញាកំណត់ល្បឿន...។ល។»

អ្នកនាំពាក្យរូបនេះ ក៏បានបន្ថែមទៀតថា៖ «ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍»

លោក ផន រឹម បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ រស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ ដែលបានយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ កំពុងមមាញឹកនេះ៕