2025-03-24 16:47
46

បាត់ដំបង៖ ក្រុមការងារអធិការកិច្ចរបស់ ក្រសួងបរិស្ថាន ដឹកនាំដោយលោក កែ វង្សវឌ្ឍនា អគ្គនាយករង អគ្គនាយកដ្ឋានគាំពារបរិស្ថាន បានសហការជាមួយមន្រ្តី នៃមន្ទីរបរិស្ថានខេត្តបាត់ដំបង រដ្ឋបាលស្រុករតនមណ្ឌល  អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានពិនិត្យផ្ទាល់ករណីបំពុលទឹកអូរត្រែង ស្ថិតនៅឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបង្កឡើងដោយក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី ដែលមានរោងចក្រប្រភេទកែច្នៃផ្លែឈើ និងគ្រាប់ស្វាយចន្ទី។ 

ក្រុមការងារចម្រុះបានចុះដល់មូលដ្ឋានភូមិ ចំនួន ៦ នៃឃុំត្រែង រួមមាន ភូមិតាគ្រក់ ភូមិស្វាយស ភូមិជីសាង ភូមិរការភឹង ភូមិទួល និង ភូមិភ្ជាវ តាមបណ្ដោយខ្សែទឹក​ខាងក្រោម​របស់ក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី។ 

ក្រសួងបរិស្ថាន បានឲ្យដឹងថា ប្រជាជនរស់នៅភូមិចំនួន ២ គឺភូមិតាគ្រក់ ភូមិស្វាយស សុទ្ធតែទទួលរងផលប៉ះពាល់ ពីករណីបំពុលទឹកអូរត្រែងនេះ ព្រោះថាទឹកអូរត្រែងនេះ ត្រូវបានប្រជាពលរដ្ឋប្រើប្រាស់​ប្រចាំថ្ងៃ សម្រាប់ស្រោចស្រពដំណាំ និងចិញ្ចឹមសត្វ។ ដោយឡែកនៅភូមិជីសាង ពុំទាន់មានករណីបំពុលទឹក​អូរនៅឡើយ។ 

នៅក្នុងថ្ងៃដដែល ក្រុមការងារបានបន្ដតាមដាន​តាមខ្សែបណ្ដោយអូរត្រែង បានរកឃើញថា សំណល់រាវបាន​ហូរមកដល់ចំណុច ដីឯកជនមួយកន្លែង ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានចម្ងាយ ៣,៥ គីឡូម៉ែត្រ ពីទីតាំងក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី និងបានយកសំណាកទឹក​មកវិភាគបន្ថែម។ នៅត្រង់ចំណុចនេះ ក្រុមកាងារ បានប្រទះឃើញមាន ត្រី កូនបង្កង និងកំពឹសកំពុងពុល និងងាប់។ 

ប្រជាពលរដ្ឋបានរាយការណ៍បន្ថែមថា «តំបន់ទឹកសាធារណៈនៅកន្លែងនេះ មានវត្តមានប្រភេទសត្វផេប្រហែល ១០ ក្បាល ផងដែរ»

សូមបញ្ជាក់ថា នៅផ្នែកខាងក្រៅរោងចក្រ ក្រុមការងារបានរកឃើញករណីមួយចំនួនទៀត ដែលរោងចក្រខាងលើមានការបញ្ចេញសំណល់រាវមិនត្រឹមត្រូវ។

ដោយឡែកក្នុងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារអធិការកិច្ចក្រសួងបរិស្ថាន និងបន្តចូលនៅក្នុងមូលដ្ឋានរោងចក្រ ដើម្បីត្រួតពិនិត្យលើប្រព័ន្ធគ្រប់គ្រងសំណល់រឹង រាវ ប្រព័ន្ធអាងចម្រោះទឹកកខ្វក់ និងបទដ្ឋានបច្ចេកទេសបរិស្ថានរបស់ផលិតកម្មរបស់រោងចក្រផងដែរ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។

ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចំពោះក្រុមហ៊ុនណាដែលរំលោភបំពានច្បាប់របស់កម្ពុជា។ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងសសរស្តម្ភទី១ នៃយុទ្ធសាស្រ្តគឺ ភាពស្អាត ដែលមានយុទ្ធសាស្រ្តអាទិភាព៣ គឺ «ភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតក្នុងខ្យល់» ហើយការដាក់ចេញយុទ្ធនាការភាពស្អាតក្នុងទឹកនេះ គឺមានបំណងជំរុញឱ្យសុខភាពរោងចក្រល្អ សុខភាពប្រជាពលរដ្ឋល្អ និងសុខភាពបរិស្ថានល្អ សំដៅភាពឈ្នះឈ្នះ ទាំងអស់គ្នា ដែលឈានឆ្ពោះទៅចីរភាពនៃភាពជោគជ័យ នៃការវិនិយោគ ជោគជ័យនៃការគ្រប់គ្រងបរិស្ថានបានយ៉ាងល្អ និងប្រជាពលរដ្ឋមានសុខភាពល្អ៕