2025-03-25 07:45
39

ខេត្តពោធិ៍សាត់៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្រ្កាបបទល្មើសនេសាទគ្រប់ប្រភេទ លើផ្ទៃបឹងទន្លេសាប ដោយពិធីនេះមានការចូលរួមពីអភិបាលរង អភិបាលអភិបាលរងស្រុក បណ្តាខេត្ត ចំនួនួន០៥ខេត្ត ជុំវិញបឹងទន្លេសាប  មេបញ្ជាការកងឯកភាព ទាំងកងកម្លាំងប្រដាប់អាវុធបីប្រភេទនិង ប្រធានស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ នៅសាលប្រជុំរដ្ឋបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៥ ។
ជាកិច្ចចាប់ផ្ដើមលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការដឹកនាំបង្រ្កាបបទល្មើសនេសាទខុសច្បាប់ លើផ្ទៃបឹងទន្លេសាប របស់កងទ័ពជើងគោក បានឡើងអានរបាយការណ៍សង្ខេបអំពីលទ្ធផលបង្រ្កាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទក្នុងពេលបំពេញបេសកកម្ម លើផ្ទៃបឹងទន្លេសាប ក្នុងត្រីមាស១ ឆ្នាំ២០២៥ ដោយដំណាក់កាលអនុវត្តន៍មាន ០៣ដំណាក់កាលដូចមានខាងក្រោម។
លទ្ធផលសរុបរួម៖ បំផ្លាញឡុកចំនួន ៧,២២៥គ្រឿង; ស្បៃមុងគ្រប់ប្រភេទចំនួន ២,៨០០,៩៩៤ម៉ែត្រ; ក្បាល(អ៊ុយ-ស្បៃមុង-បរ)ចំនួន ១,១៩៤ក្បាល; ឡុកនិងអ៊ុយ ចំនួន ៧,៤០៦មាត់/លប; បង្គោលចម្រឹងចំនួន ៥៩០,០៧១ដើម; ប្រលែងត្រីចំនួន ២៧,៣៦៥គីឡូក្រាម; ប្រលែងលៀសចំនួន ៧២៥តោន; ប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ត្រីចំនួន ៣១៥គ្រឿង កាំភ្លើងខ្យល់ចំនួន០១ដើម; ដកហូតទូកចំនួន ៥៦គ្រឿង រថយន្តចំនួន ០២គ្រឿង ម៉ាស៊ីនទូកចំនួន ១៤គ្រឿង ម៉ាស៊ីនរែងលៀសចំនួន ០៨គ្រឿង ម៉ាស៊ីនប៉ូមខ្យល់ចំនួន ០៤គ្រឿង កាំភ្លើងច្នៃចំនួន ០១ដើម ឧបករណ៍ឆក់ត្រជាក់ចំនួន១៥គ្រឿង អាគុយចំនួន ២១គ្រាប់ ឧបករណ៍អូសលៀសចំនួន ០១ឈុត និងសម្ភារមួយចំនួនទៀត; អប់រំប្រជាពលរដ្ឋ អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ចំនួន ១,១៨៧នាក់; ធ្វើកិច្ចសន្យាប្រជានេសាទចំនួន ៤៤១នាក់ ទូកចំនួន៩៨គ្រឿង; ឃាត់ខ្លួនជនសង្ស័យចំនួន ៤៧៨នាក់(វៀតណាម៤៧នាក់) ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច និងគណៈបញ្ជាការដឹកនាំបង្រ្កាបបទល្មើសនេសាទខុសច្បាប់ លើផ្ទៃបឹងទន្លេសាប របស់កងទ័ព ជើងគោក សម្រេចបានក្នុងកិច្ចការបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទ ទាំងយប់ ទាំងថ្ងៃ និងជារៀងរាល់ថ្ងៃ ដោយមិនខ្លាចនឿយហត់ ដែលទទួលបានការសាទរយ៉ាងខ្លាំងពីប្រជានេសាទ និងសាធារណជនគ្រប់ទិសទី។
ទី១៖ បង្រ្កាបរាល់បទល្មើសនេសាទគ្រប់ប្រភេទ គ្រប់រូបភាព និងគ្រប់ទម្រង់
ទី២៖ អភិរក្ស និងធានានិរន្តរភាព ធនធានជលផល និងជីវចម្រុះ សម្រាប់កូនចៅជំនាន់ក្រោយ
ទី៣៖ អភិវឌ្ឍបឹងទន្លេសាប ដោយត្រូវចុះជួប ចុះផ្សព្វផ្សាយ និងជួយដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីប្រជាពលរដ្ឋអាចប្រកបរបរលើផ្ទៃបឹងទន្លេសាបដោយស្របច្បាប់ និងការទទួលខុសត្រូវ។
ឯកឧត្តម នាយឧត្តមសេនីយ៍ នីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍បន្តថា
កិច្ចប្រជុំនេះមានបំណងត្រួតពិនិត្យ វឌ្ឍនភាពការងារ របស់កងកម្លាំងដែលចូលរួមក្នុងការការពារ និងបង្រ្កាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ក៏មានការពិភាក្សា និងដាក់ចេញយុទ្ធសាស្រ្តថ្មីៗ ដើម្បីពង្រឹងសុវត្ថិភាពបរិស្ថានធម្មជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋ ដែលអាស្រ័យជីវភាពលើបឹងទន្លេសាបក្នុងតំបន់នេះ។
វឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការបង្រ្កាបបទល្មើសនេសាទ ការប្រើប្រាស់បច្ចេកទេស និងសមត្ថភាពនៃកងកម្លាំងការពង្រឹងសហការណ៍រវាងអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងការប្រើប្រាស់បច្ចេកវិទ្យា និងសម្ភារៈបន្ថែមសម្រាប់ការត្រួតពិនិត្យ ការផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋ ការការពារបរិស្ថាន និងសត្វទឹកក្នុងបឹងទន្លេសាបឯកឧត្តម នាយឧត្តមសេនីយ៍ នីយ៍ ម៉ៅ សុផាន់ បានបញ្ជាក់ថា កងកម្លាំងបង្រ្កាបបទល្មើសនេសាទ ត្រូវបន្តការងារប្រកបដោយការប្រុងប្រយ័ត្ន និងប្រកាន់ខ្ជាប់នូវច្បាប់ ដើម្បីការពារធនធានធម្មជាតិសម្រាប់សម្រួលជីវភាពប្រជាជន។
លោក ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមយ៉ាងសកម្មរបស់កងទ័ពជើងគោក និងស្ថាប័នពាក់ព័ន្ធ ដែលបានរួមគ្នាការពារសម្បត្តិធម្មជាតិដ៏មានតម្លៃនេះ និងប្តេជ្ញាគាំទ្រយុទ្ធនាការ បង្រ្កាប អភិរក្ស និងអភិវឌ្ឍបឹងទន្លេសាប អោយបានជោគជ័យ។ 
ឯកឧត្តមបានបន្ថែមថា កិច្ចប្រជុំនេះផ្តោតសំខាន់លើការបង្កើតគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទ កងទ័ពជើងគោក លើផ្ទៃបឹងទន្លេសាប ដើម្បីរក្សាត្រីឱ្យសំបូរឡើងវិញ នៅក្នុងផ្ទៃបឹងទន្លេសាប និងនៅទូទាំងប្រទេស និងជំរុញឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋានសហការជាមួយកម្លាំងកងទ័ពជើងគោក ចុះជួបប្រជានេសាទនៅតាមសហគមន៍ ដើម្បីផ្សព្វផ្សាយ និងដឹងពីទុក្ខលំបាក និងកង្វះខាតផ្សេងៗ។
ក្នុងឱកាសត្រួតពិនិត្យវឌ្ឍនភាពការងារបង្រ្កាបបទល្មើសនេសាទគ្រប់ប្រភេទ លើផ្ទៃបឹងទន្លេសាបនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងឯកឧត្តម ខូយ រីដា ក៍បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត មានដូចជា ថវិកា ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ អង្ករ មី ស្ករស ត្រីខ ជូនដល់បណ្តាកងឯកភាព ចំណុះគណៈបញ្ជាការដឹកនាំបង្រ្កាបបទល្មើសនេសាទខុសច្បាប់លើផ្ទៃបឹងទន្លេសាប របស់កងទ័ពជើងគោកផងដែរ៕ លាន គ្រន