2025-03-25 07:49
40

ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយលោកវរសេនីយ៍ឯក HARA TAKASHI អនុព័ន្ធយោធាជប៉ុន ដោយក្នុងជំនួបនេះឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីជប៉ុន ដែលមានកិច្ចសហការល្អជាមួយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា តាមរយៈការបណ្តុះបណ្តាលដល់កងកម្លាំងកម្ពុជាទាំងក្នុង និងក្រៅប្រទេស។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានជម្រាបជូនលោកវរសេនីយ៍ឯក HARA TAKASHI ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលជាតិទទួលបានការសហការជាមួយភាគីជប៉ុនលើផ្នែកបណ្តុះបណ្តាលបង្កើនសមត្ថភាពធនធានមនុស្សសរុបចំនួន១៣វគ្គ ក្នុងនោះវគ្គបំប៉នក្នុងប្រទេសសរុបចំនួន១២វត្ត មានសិក្ខាកាមចំនួន២៦៣នាក់ លើជំនាញបច្ចេកទេសវិស្វកម្មសំណង់ស៊ីវិល និងវាស់ស្ទង់ (អំឡុងពេល COVID-19 ភាគីជប៉ុនបានផ្តល់ការហ្វឹកហ្វឺនតាមរយៈប្រព័ន្ធ Online ដល់គ្រូបង្គោលចំនួន ៥នាក់)។
ឯកឧត្តមបានបន្តថា នៅក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ជប៉ុនបានបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលត្រីភាគីដល់សិក្ខាកាម និងគ្រូបង្គោលកម្ពុជាលើជំនាញវិស្វកម្ម។ នៅឆ្នាំ២០២៣ ក្រុមយោធាចារ្យជប៉ុនបានហ្វឹកហ្វឺនដល់សិក្ខាកាមចំនួន១៥នាក់លើជំនាញបញ្ជាប្រើប្រាស់គ្រឿងចក្រ Grader រយៈពេល៤សប្តាហ៍ ដោយទទួលបានលទ្ធផលល្អប្រសើរ។ បន្ថែមពីនេះយោធាចារ្យនារីជប៉ុន២រូប បានជួយបណ្តុះបណ្តាលជំនាញវិស្វកម្មសំណង់ស៊ីវិលមកហ្វឹកហ្វឺន ដោយផ្តោតលើការបញ្ជាគ្រឿងចក្រធុនធ្ងន់អិចចស្កាវ៉ាទ័រ (Excavator) មានសិក្ខាកាមចំនួន៣០នាក់ ក្នុងនោះសិក្ខាកាមនារីចំនួន៣នាក់ ដោយសិក្សាមេរៀនទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅលើទីលាន។ ក្រៅពីនេះកងកម្លាំងកម្ពុជាចំនួន៧នាក់ទទួលបានវគ្គបំប៉នក្រៅប្រទេសលើមុខជំនាញវិស្វកម្មសំណង់ផ្ដេក និងគ្រឿងផ្ទុះផងដែរ។
ក្នុងជំនួបនេះ តាមរយៈលោកវរសេនីយ៍ឯក HARA TAKASHI អនុព័ន្ធយោធាជប៉ុន ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានសំណូមពរដល់ភាគី សូមផ្តល់អាហាររូបករណ៍ដល់សិក្ខាកាមឆ្នើម ក្រោមការហ្វឹកហ្វឺនរបស់យោធាចារ្យជប៉ុនឱ្យទៅបំប៉នបន្ថែមរយៈពេលខ្លី-មធ្យម នៅសាលាវិស្វកម្មនៃប្រទេសជប៉ុន ផ្តល់ការហ្វឹកហ្វឺនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងលើជំនាញវាស់ស្ទង់ តាមរយៈម៉ាស៊ីនទំនើប និងការប្រើប្រាស់ Drone ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍បច្ចុប្បន្នដែលមានភាពស្មុគស្មាញផ្លាស់ប្តូរទស្សនកិច្ចប្រចាំឆ្នាំរវាងប្រទេសទាំងពីរ និងចូលរួមក្នុងព្រឹត្តិការណ៍នានារួមគ្នាជាដើម។
ជាការឆ្លើយតបលោកវរសេនីយ៍ឯក HARA TAKASHI បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីជប៉ុន និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពលើការងារបណ្តុះបណ្តាល និងហ្វឹកហ្វឺនដល់ កងកម្លាំងរក្សាសន្តិភាពកម្ពុជាមុននឹងបញ្ជូនឱ្យទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ចំពោះសំណូមពររបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម តេនា លោកវរសេនីយ៍ឯក HARA TAKASHI ថានឹងយកទៅដាក់ជូនថ្នាក់ដឹកនាំដើម្បីពិនិត្យ និងឆ្លើយតប៕