2025-03-25 13:09
100

ក្រុមហ៊ុនផលិតរថយន្តយក្សរបស់កូរ៉េខាងត្បូង Hyundai បានបង្ហាញការវិនិយោគចំនួន ២១ ពាន់លានដុល្លារ (១៦,៣ ពាន់លានផោន) នៅអាមេរិក។ 

ផែនការនេះរួមមានរោងចក្រដែកថ្មីដែលមានតម្លៃ 5.8 ពាន់លានដុល្លារនៅរដ្ឋ Louisiana ភាគខាងត្បូង។

ក្រុមហ៊ុន Hyundai ក៏បាននិយាយផងដែរថា ខ្លួននឹងពង្រីកការផលិតរថយន្តនៅអាមេរិកក៏ដូចជាបណ្តាក់ទុនរាប់ពាន់លានដុល្លារក្នុងបច្ចេកវិទ្យាថ្មី រួមទាំងការបើកបរដោយស្វ័យប្រវត្តិនិងបញ្ញាសិប្បនិម្មិត (AI) ផងដែរ។

នៅថ្ងៃទី ២ ខែ មេសា ខាងមុខនេះ លោក ត្រាំ គ្រោងនឹងដាក់ពន្ធថ្មីទៅលើដៃគូពាណិជ្ជកម្មរបស់លោកបន្ថែមទៀត។ លោក Trump បាននិយាយក្នុងអំឡុងពេលព្រឹត្តិការណ៍នៅឯសេតវិមានកាលពីថ្ងៃចន្ទម្សិលមិញនេះថា "លុយកំពុងហូរចូល។ 

យើងចង់រក្សាវាតាមរបៀបនោះ។ ការវិនិយោគនេះគឺជាការបង្ហាញយ៉ាងច្បាស់ថាពន្ធគយដំណើរការយ៉ាងខ្លាំង" ។ 

លោក Trump បានបន្ថែមថា ពន្ធបន្ថែមលើការនាំចូលរថយន្តទំនងជាត្រូវបានប្រកាសនៅសប្តាហ៍នេះហើយ។

លើសពីនេះ ក្រុមហ៊ុន Hyundai បានបញ្ជាក់ឲ្យដឹងថា រោងចក្រផលិតដែកថ្មីនេះនឹងផលិតដែកថែបបានជាង 2.7 លានតោនក្នុងមួយឆ្នាំ និងបង្កើតការងារជាង 1,400 ឯណោះ។

ជុំវិញសេចក្តីប្រកាសរបស់លោក ត្រាំ ខាងលើ ក៏រួមបញ្ចូលផងដែរនូវផែនការវិនិយោគចំនួន ៩ ពាន់លានដុល្លារ ដើម្បីបង្កើនផលិតកម្មរបស់ក្រុមហ៊ុននៅសហរដ្ឋអាមេរិកដល់ ១,២ លានគ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ ២០២៨។ 

ក្រុមហ៊ុន Hyundai ក៏បាននិយាយផងដែរថា ខ្លួនបានកំណត់ថវិកាចំនួន 6 ពាន់លានដុល្លារ ដើម្បីពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុនអាមេរិក ដើម្បីបង្កើតបច្ចេកវិទ្យា រួមទាំងយានយន្តបើកបរដោយខ្លួនឯង មនុស្សយន្ត រួមនិង AI ។

នៅថ្ងៃខាងមុខពុធនេះ ក្រុមហ៊ុន Hyundai Motor ក៏គ្រោងនឹងរៀបចំពិធីបើកសម្ពោធរោងចក្រផលិតរថយន្ត និងអាគុយថ្មីតម្លៃ 7.59 ពាន់លានដុល្លារនៅហ្សកហ្ស៊ី។

ក្រុមហ៊ុន Hyundai បានអះអាងថា នៅពេលដែលដំណើរការពេញលេញ រោងចក្រទាំងបីនឹងមានសមត្ថភាពផលិតរថយន្តបានមួយលានគ្រឿងក្នុងមួយឆ្នាំ។ 

ក្រុមហ៊ុនខាងលើនេះក៏បានបន្តដែរថា ខ្លួននឹងទិញឧស្ម័នធម្មជាតិរាវ (LNG) ដែលមានតម្លៃ 3 ពាន់លានដុល្លារពីសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ចាប់តាំងពីការវិលត្រឡប់របស់លោក Trump ទៅកាន់អំណាចក្រុមហ៊ុនជាច្រើនបានប្រកាសពីផែនការដើម្បីធ្វើការវិនិយោគធំៗនៅក្នុងសហរដ្ឋអាមេរិក។

មិនមែនត្រឹមតែក្នុងអាណត្តិលោក ត្រាំ ប៉ុណ្ណោះទេ ប៉ុន្តែក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់លោក Biden ក្រុមហ៊ុន Hyundai ក៏បានវិនិយោគប្រហែល 10 ពាន់លានដុល្លារក្នុងបច្ចេកវិទ្យាថ្មីនៅឆ្នាំ 2025 ផងដែរ។

កាលពីខែមុន លោក Trump បានបញ្ជាឱ្យយកពន្ធនាំចូល 25% លើដែក និងអាលុយមីញ៉ូមទាំងអស់ដែលចូលមកសហរដ្ឋអាមេរិក។ ប៉ុន្តែក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិក រួមទាំងក្រុមហ៊ុន General Motors និង Ford បាននឹងកំពុងអំពាវនាវឱ្យប្រធានាធិបតីសហរដ្ឋអាមេរិកលើកលែងការនាំចូលរថយន្ត និងគ្រឿងបន្លាស់រថយន្តពីពន្ធថ្មីផងដែរ។