2025-03-26 07:29
44

នៅរសៀលថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការរៀបចំនិងហ្វឹកហ្វឺនផែនឈរនិងផែនព្យុហយាត្រា ក្នុងពិធីសំណេះសំណាលនិងត្រួតពិនិត្យកម្លាំងផែនឈរ សម្រាប់អបអរសាទរពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលកំពុងហាត់ហ្វឹកហ្វឺនយ៉ាងសកម្មនៅសាលានគរបាលជាតិភូមិភាគ២ ក្នុងខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការ បានមានប្រសាសន៍លើកឡើងអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់តាមរយៈការកសាងនូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមមួយចំនួនទៀតរបស់បណ្ឌិត្យសភា និងបានកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់នៃបណ្ឌិត្យសភាដែលបានបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនបានល្អប្រសើរក្នុងការងារអភិវឌ្ឍន៍អង្គភាព និងផលិតធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិនិងមន្ត្រីពន្ធនាគារ ប្រកបដោយសមត្ថភាពនិងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតម្រូវការរបស់ក្រសួងមហាផ្ទៃនិងអង្គភាពប្រើប្រាស់កងកម្លាំង។ 
ជាមួយគ្នានេះដែរ ឯកឧត្តមសន្តិបណ្ឌិត ក៏បានថ្លែងកោតសរសើរផងដែរចំពោះសិស្សនគរបាលដែលបានយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ហ្វឹកហាត់ គោរពវិន័យ ជាពិសេស បានប្រឹងប្រែងហ្វឹកហាត់ក្នុងនាមជាប្រតិបត្តិករ ដើម្បីត្រៀមបង្ហាញស្នាដៃក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ដែលជាព្រឹត្តិការណ៍ធំបំផុតមិនធ្លាប់មានពីមុនមក។
ជាចុងក្រោយ ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើនិងផ្តល់អនុសាសន៍មួយចំនួនដល់សិស្សនគរបាល ដូចខាងក្រោម៖
១- ត្រូវយកចិត្តទុកដាក់សិក្សានិងហ្វឹកហាត់ឱ្យបានខ្លាំងក្លា ខ្ជាប់ខ្ជួន ទៅតាមកាលវិភាគសិក្សាដែលបានកំណត់ ព្រោះការប្រឹងប្រែងរបស់ក្មួយៗ មានសារៈសំខាន់ណាស់ ជាមុខមាត់របស់ប្រទេសជាតិជាទីស្រឡាញ់របស់យើង។
២- ប្រឹងប្រែងហ្វឹកហាត់ផែនឈរ និងផែនព្យុហយាត្រា ឱ្យបានល្អប្រសើរ ប្រកបដោយភាពម៉ឺងម៉ាត់ ម៉ត់ចត់ និងស្វាហាប់ ដើម្បីកិត្តិយសកងកម្លាំងនគរបាលជាតិ កិត្តិយសក្រសួងមហាផ្ទៃ និងលើកកិត្តិយសដល់សង្គមជាតិយើងទាំងមូល ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ខាងមុខនោះ។
៣- គោរពវិន័យ បទបញ្ជា និងការកំណត់របស់គ្រូបង្រៀននិងគ្រូបង្វឹក។
ជាទីបញ្ចប់ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក៏បានប្រគល់ជូននូវគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីលើកទឹកចិត្ត ដល់សិស្សនគរបាលដែលកំពុងហ្វឹកហាត់ រួមមាន៖ អង្ករ៦តោន មី១៥កេសធំ ត្រីខកំប៉ុង១៥កេសធំ ប៊ីចេង១០គ.ក្រ. ត្រីងៀត១០០គ.ក្រ. ទឹកក្រូច៤០កេស សាច់គោ១ក្បាល សាច់ជ្រូក១ក្បាល សាច់ក្រក១០០គ.ក្រ. និងថវិកាចំនួន៤៥លានរៀល (ក្នុងនោះ ថវិការបស់សប្បុរសជននានា ១០លានរៀល ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ២០លានរៀល និងឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ១៥លានរៀល)៕