
ខេត្តត្បូងឃ្មុំ៖ មន្ទីរវប្បធម៌ និងវចិត្រ សិល្បៈខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលខេត្ត ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់ សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត ដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ក្នុងទិវានេះ ធ្វើឡើងនាព្រឹកថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ សិស្សនិស្សិត សិល្បករ សិល្បការិនី ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។
បន្ទាប់ពីការរាំរបាំ និងការសម្ដែងចាប៉ីដងវែង រៀបចំដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរួចមក ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា៖ ទិវាវប្បធម៌ជាតិ ជាទិវាមួយដ៏មានសារៈសំខាន់របស់ប្រជាជាតិកម្ពុជា ក៏ជាឱកាសមួយដ៏មានតម្លៃបំផុត ដើម្បីចូលរួមបំផុសនូវមនសិការស្រលាញ់សិល្បៈ វប្បធម៌ទំនៀមទម្លាប់ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត ដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ សម្រាប់ប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណងធានាឱ្យបាន នូវការអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ ប្រកបដោយចីរភាពនិងបរិយាបន្ន ស្របតាមគោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តម បន្តថា ៖ ជាការពិតណាស់(យុវជនជាទំពាំងស្នងឫស្សី) គួរតែត្រូវយល់ដឹងឱ្យកាន់តែច្បាស់ អំពីតម្លៃពិតនៃវប្បធម៌ជាតិ ដែលជាប្រភពចំណេះដឹងមិនចេះរីងស្ងួត ក្នុងការបង្កើតនូវផលិតភាពការងារ និងជាកាលានុវត្ត ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ ឱ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានលើកទឹកចិត្តឱ្យបង្កើនចំនួនយុវជនជំនាញជំនាន់ក្រោយ ដើម្បីមានឱកាសកាន់តែធំ ក្នុងការចូលរួមបណ្តុះបណ្តាលស្រាវជ្រាវ ចងក្រង និង ផ្សព្វផ្សាយវប្បធម៌ជាតិ ជាពិសេសលើស្ទួយការងារសិល្បៈបុរាណ សម័យ និងទម្រង់សម្លៀកបំពាក់ប្រពៃណីផងដែរ។
បើតាមលោក គួ ហុក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ៖ ខេត្តត្បូងឃ្មុំ ជាខេត្តថ្មីទើបតែបង្កើតឡើងក៏ពិតមែនតែជាទឹកដីចំណាស់ជាតំបន់បុរេប្រវត្តិ មួយក្នុងចំណោមតំបន់បុរេប្រវត្តិសាស្ត្រសំខាន់ៗទូទាំងព្រះរាជាណាចក្រកម្ពុជា យើងមាន៖ ស្ថានីយបុរេប្រវត្តិសាស្ត្រចំនួន៣២កន្លែង ប្រាសាទបុរាណចំនួន០៩កន្លែង ទួលបុរាណចំនួន៥៨កន្លែង ស្រះបុរាណចំនួន១១កន្លែង ទន្លេស្ងួតចំនួន០១កន្លែង អណ្តូងបុរាណចំនួន០១ កន្លែង សំណង់សម័យអណានិគម (ប៉ម) ចំនួន០៣ កន្លែង រមណីយដ្ឋានធម្មជាតិចំនួន០១កន្លែង រមណីយដ្ឋានប្រវត្តិសាស្ត្រចំនួន០១កន្លែង សារមន្ទីរបុរាណវិទ្យាមេមត់ចំនួន០១កន្លែង សារមន្ទីរ និងមជ្ឈមណ្ឌលវប្បធម៌ចំនួន០១ កន្លែង (ទីរួមខេត្តត្បូងឃ្មុំ)។ ក្នុងនោះ មានសិល្បៈមហាជនគ្រប់ទម្រង់ចំនួន២២៧ ក្រុមល្ខោនបាសាក់ចំនួន១៥ក្រុម ភ្លេងប្រពៃណីចំនួន ៧៩ ក្រុមតន្ត្រីសម័យចំនួន ៧៨ ក្រុម ពិណពាទ្យចំនួន ២៥ក្រុម ភ្លេងអារក្ស ចំនួន ០៥ ក្រុម បាសចំនួន ០២ ក្រុម របាំចំនួន ០៦ ក្រុម ត្រុដិចំនួន ០១ ក្រុម ចាប៉ីដងវែងចំនួន ០២ ក្រុម ឆៃយ៉ាំចំនួន ១៤ ក្រុម៕



