
(កំពត)៖ នៅថ្ងៃទី ២៥ មីនា ឆ្នាំ២០២៥នេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធរួមទាំងអាជ្ញាធរក្រុងកំពតបានចុះពិនិត្យទីតាំងវិថីអាហារនិងសួនច្បារចាប់ពីផ្សារក្រណាត់រហូតដល់សួនដើមពោធិ៍បេនឡានខេត្តដើម្បីរៀបចំនិងសោភ័ណ្ឌភាពឱ្យបានស្អាតនិងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិ។
ដើម្បីកែលម្អសោភ័ណភាពក្រុង ក៏ដូចជាបង្ហាញពីរចនាបទខ្មែរ រួមនឹងវប្បធម៌ប្រពៃណីជាតិខ្មែរដល់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាយុវជនជំនាន់ក្រោយបានឃើញ អាជ្ញាធរខេត្តកំពតនឹងរៀបចំវិធីអាហារនៅចំកណ្តាលក្រុងកំពត ដែលស្តង់លក់ដូរមានរចនាបថខ្មែរ ជាមួយនឹងការស្លៀកពាក់បែបប្រពៃណីខ្មែររបស់អាជីវករផងដែរ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍នៅក្នុងឱកាសនោះដែរថា ខេត្តកំពតក្រោមការដឹកនាំ ចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អាជ្ញាធរខេត្តបានខិតខំរៀបចំកែលម្អសោភ័ណភាពខេត្ត ពិសេសក្រុងកំពតឱ្យមានភាពទាក់ទាញពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងន័យដើម្បីទាក់ទាញភ្ញៀវទេសចរក៏ដូចជាបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈវិស័យទេសចរណ៍។
ក្នុងដំណើរចុះពិនិត្យទីតាំងកែលម្អសោភ័ណភាពនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងដែរថា ការកែលម្អសោភ័ណភាពវិថីអាហារ និងសួនច្បារចាប់ពីផ្សារក្រណាត់រហូតដល់សួនដើមពោធិ៍បេនឡានខេត្ត និងចាប់ផ្តើមក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយវិថីអាហារគឺត្រូវរៀបចំតូបលក់ដូរដែលមានរចនាបថរបស់ខ្មែរ និងតម្រូវឱ្យអាជីវករដែលលក់ដូរទាំងអស់ត្រូវស្លៀកពាក់តាមបែបប្រពៃណីជាតិ ក្នុងន័យដើម្បីបង្ហាញអំពីវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ដ៏ផូរផងរបស់ខ្មែរទៅកាន់ភ្ញៀវទេសចរបរទេស ពិសេសជាគម្រូដល់យុវជនជំនាន់ក្រោយ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបន្តថា ក្រោយពីវិថីអាហារ និងសួនច្បារចាប់ពីផ្សារក្រណាត់រហូតដល់បេនឡានរៀបចំរួច ទីតាំងទាំងនេះនឹងក្លាយជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកលេងកម្សាន្តច្រើន ហើយក៏នឹងជួយផ្តល់ចំណូលដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរក្រុងកំពត ពិសេសមន្ទីរជំនាញពាក់ព័ន្ធ ត្រូវចុះធ្វើបច្ចុប្បន្នភាពអាជីវករដែលលក់ដូរពិតប្រាកដនៅទីតាំងវិថីអាហារនេះផ្ទាល់ ដើម្បីផ្តល់តូបលក់ដូរថ្មីជូនដោយឥតគិតថ្លៃជូនពួកគាត់ ហើយប្រសិនបើមានអ្នកទាថ្លៃឈ្នួល ឬប្រាក់ប្រចាំខែសូមរាយការណ៍មកកាន់ឯកឧត្តមផ្ទាល់ដើម្បីមានវិធានការ ព្រោះទីតាំងនេះគឺជាដីសាធារណៈរបស់រដ្ឋ មិនមានបុគ្គលណាម្នាក់ជាអ្នកគ្រប់គ្រងឡើយ។
ក្រុមអាជីវករដែលលក់ដូរលើវិថីអាហារទាំងអស់ បានសំដែងការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែគិតគូរជានិច្ចពីសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសអាជីវករលក់ដូរដូចពួកគាត់។
ក្រុមអាជីវករបានបន្តថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត បានធ្វើឱ្យជីវភាពរបស់ពួកគាត់មានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសប់ក្នុងការបង្កើតនូវសមិទ្ធិផលទេសចរណ៍ឯកថ្មីៗ និងមានភាពទាក់ទាញខ្លាំងដែលបច្ចុប្បន្ននេះកំណើនភ្ញៀវទេសចរជាតិ អន្តរជាតិមានការកើនឡើយជាលំដាប់។(សឹង រ៉ាត់)



