
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះជូនដំណឹងដល់ ជនរួមជាតិអំពី ស្ថានភាពជំងឺ និងការសម្រាកព្យាបាលរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សម្តេចបានបញ្ជាក់ថា «ស្ថានភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធូរស្រាលហើយ គ្រូពេទ្យអនុញតឲ្យចេញពីមន្ទីរពេទ្យទៅសម្រាកនៅសណ្ឋាគារ»។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះនៅលើបណ្តាញសង្គមថា៖ «បើទោះជាខ្ញុំកំពុងប្រឈមជាមួយ និងការបាត់បង់បងប្រុសជាទីគោរពស្រឡាញ់នាពេលដ៏ខ្លីខាងមុខនេះក្តី តែខ្ញុំបានទទួលព័ត៌មានថា ភរិយាខ្ញុំបានធូរស្រាល»។ សម្តេចតេជោបានសរសេរបន្ថែមទៀតថា៖ «ព្រិកម៉ិញគ្រូពេទ្យបានឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យទៅសម្រាកនៅសណ្ឋាគារ និងត្រឡប់ទៅកាន់មន្ទីរពេទ្យវិញ នៅថ្ងៃទី២៩មិនា ដើម្បីពិនិត្យសាជាថ្មី»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «យោងលើពេលវេលានេះ ខ្ញុំគិតថាបើទោះភរិយាខ្ញុំត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យត្រឡប់មកប្រទេសវិញ ថ្ងៃ២៩ ឬ៣០ មិនា ក៏គាត់មិនអាចមកទាន់ដង្ហើមចុងក្រោយរបស់បងប្រុសខ្ញុំ ដែលអាចនឹងលាចាកលោក នៅយប់ថ្ងៃទី២៧ ឈានចូលថ្ងៃ២៨ ស្អែកនេះបានដែរ (ព័ត៌មានប៉ាន់ស្មានរបស់គ្រូពេទ្យដែលព្យាបាលបងប្រុសខ្ញុំ)។ តែទោះយ៉ាងណាក៏ ខ្ញុំបានបន្ថយការលំបាកលើរឿងពីរក្នុងពេលតែមួយដូចពីម្សិលម៉ិញ»៕

