
កំពង់ចាម៖ លោក ហែម គឹមសាធ ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ រដ្ឋបាលស្រុកកងមាស ត្រូវបាន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជម្រាបជូនទៅលោកអភិបាលស្រុក ដើម្បីរៀបចំបែបបទបញ្ចប់មុខតំណែងពីប្រធានការិយាល័យមកជាមន្ត្រីធម្មតា ដោយមិនទាន់គិតពីទោសទណ្ឌផ្សេងទៀត ពាក់ព័ន្ធនឹងករណីអំពើពុករលួយយកប្រាក់ពីប្រជាពលរដ្ឋ ចំនួន ៣៦០ ដុល្លារ ដើម្បីកែតម្រូវសំបុត្រកំណើត។
ក្នុងលិខិតចុះនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ របស់ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើលិខិតជម្រាបជូនលោកអភិបាល នៃគណៈអភិបាលស្រុកកងមាស បានបញ្ជាក់ថា៖ «ការបញ្ចប់មុខតំណែង លោក ហែម គឹមសាធ បានធ្វើឡើងបន្ទាប់ពីមានបណ្តឹងរបស់ប្រជាពលរដ្ឋ តាមបណ្តាញសង្គមពាក់ព័ន្ធករណី យកលុយ ៣៦០ ដុល្លារ ដើម្បីកែតម្រូវសំបុត្រកំណើត»។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងតាមបណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ «Chheng Sokly» បានចុះផ្សាយពីឈ្មោះ ហែម គឹមសាធ ករណី យកប្រាក់ ចំនួន ៣៦០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការកែតម្រូវសំបុត្រកំណើតប្រជាពលរដ្ឋ ឈ្មោះ ឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ រដ្ឋបាលខេត្តបាន ចាត់ឱ្យក្រុមការងារ ដែលដឹកនាំដោយលោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងប្រធានអង្គភាព ច្រកចេញចូលតែមួយខេត្ត បានចុះសិក្សា ស្រាវជ្រាវលើករណីខាងលើ គឺពិតជាមានករណីដូចក្នុងបណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ Chheng Sokly ពិតប្រាកដមែន។
ក្នុងលិខិតរបស់លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា៖ ដើម្បីអនុវត្តវិធានការ ទៅលើមន្ត្រីដែលអនុវត្តកំហុសឆ្គង និងការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលស្រុកកងមាស ឱ្យមានភាពល្អប្រសើរ រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់លោកអភិបាល នៃគណៈអភិបាលស្រុកកងមាស ត្រូវរៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ត្រីសាលាស្រុកកងមាស ដោយមិនគិតពីទោសទណ្ឌ ផ្សេងៗទៀត។ ត្រូវតាមដាន ត្រួតពិនិត្យជាប់ជាប្រចាំលើការបំពេញតួនាទី ភារកិច្ចរបស់ លោក ហែម គឹមសាធ ក្នុងករណីប្រព្រឹត្តកំហុសឆ្គងបន្តទៀត ត្រូវមានវិធានការតាម ច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់លោកអភិបាលស្រុកត្រូវខិតខំដឹកនាំរដ្ឋបាលស្រុករបស់ខ្លួនតាមលិខិតបទដ្ឋានគតិយុត្ត និងសេចក្តីណែនាំនានាឱ្យបានត្រឹមត្រូវ។ ត្រូវពង្រឹងកិច្ចការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព ស្របតាមគោលការណ៍កំណត់ (ពេលវេលា និងតម្លៃសេវា) និងអាចទទួលយកបាន ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ត្រូវរៀបចំកិច្ចប្រជុំ និងណែនាំដល់មន្ត្រីក្រោមឱវាទ ឱ្យពង្រឹងតួនាទី និងភារកិច្ចរបស់ ខ្លួនជារៀងរាល់ខែ។
លោកអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ក្នុងលិខត្តទៀតថា៖ «ក្នុងករណីមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងនៅរដ្ឋបាលស្រុកបន្តទៀត រដ្ឋបាលខេត្តនឹងមានវិធានការតាមនីតិវិធីនៃច្បាប់ និងលិខិតបទដ្ឋានដែលបានកំណត់»៕



_1743004364.jpg)