2025-03-26 23:36
49

(កំពង់ចាម)៖ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការ «បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង» ដែលរៀបចំធ្វើនៅសាលាខេត្តកំពង់ចាម។ 


វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីមន្ត្រីអធិការការងារនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តត្បូងឃ្មុំ, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រៃវែង, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្វាយរៀង, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង, រួមទាំងមន្រ្តីថ្នាក់ ក្រុង/ស្រុក និងឃុំ/សង្កាត់ ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ, ខេត្តព្រៃវែង, ខេត្តស្វាយរៀង, ខេត្តកំពង់ឆ្នាំង សរុបប្រមាណជិត១២០នាក់។ 


វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងបង្កើនសមត្ថភាព និងអភិវឌ្ឍចំណេះដឹងជូនដល់មន្ត្រីអធិការការងារ ជាពិសេសមន្ត្រីមូលដ្ឋានរាជធានី/ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ដែលមានសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងដើម្បីចូលរួមក្នុងការផ្សព្វផ្សាយពាក់ព័ន្ធនឹងការហាមឃាត់ការប្រើប្រាស់ពលកម្មកុមារ និងទប់ស្កាត់ ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង។ 


ទន្ទឹមនឹងនេះ វគ្គបណ្តុះបណ្តាលនេះ ក៏មានការធ្វើបទបង្ហាញអំពី គោលការណ៍ច្បាប់ បេឡាជាតិសន្តិសុខសង្គម និងការណែនាំនានា ពាក់ព័ន្ធនឹងការប្រើប្រាស់ពលកម្មកុមារ និងទប់ស្កាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង ដោយវាគ្មិនមកពីអង្គភាពជំនាញនានានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផងដែរ៕