2025-03-27 11:39
33

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា លោកនឹងសុខចិត្តកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីទទួលបានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok ក្នុងការលក់កម្មវិធីនេះដោយមានអ្នកប្រើប្រាស់ដែលជាជនជាតិអាមេរិកចំនួន 170 លាននាក់។

ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ត្រូវបានផុតកំណត់នៅថ្ងៃទី 5 ខែមេសា ខាងមុខ នៅក្នុងការស្វែងរកអ្នកទិញនូវកម្មវិធីខាងលើនេះ ដែលមិនមែនជាជនជាតិចិនឬអាចប្រឈមមុខនឹងការហាមឃាត់របស់សហរដ្ឋអាមេរិក លើមូលដ្ឋានសន្តិសុខជាតិបើសិនជាដល់ថ្ងៃកំណត់ហើយតែនៅតែមិនមានអ្នកទិញកម្មវិធី ដែលផលិតវីដេអូខ្លីដែលកំពុងតែពេញនិយមខាងលើនេះ។ 

ច្បាប់នេះគឺជាលទ្ធផលនៃការព្រួយបារម្ភនៅក្នុងទីក្រុងវ៉ាស៊ីនតោនដែលថាកម្មសិទ្ធិរបស់ TikTok ធ្វើឱ្យវាក្លាយជារបស់រដ្ឋាភិបាលចិន ហើយថាទីក្រុងប៉េកាំងអាចប្រើប្រាស់កម្មវិធីនេះ ដើម្បីធ្វើប្រតិបត្តិការឥទ្ធិពលប្រឆាំងនឹងសហរដ្ឋអាមេរិក និងប្រមូលទិន្នន័យលើជនជាតិអាមេរិក។

ទន្ទឹមនឹងនេះ លោក Trump បាននិយាយថាគាត់មានឆន្ទៈក្នុងការពន្យាពេលកំណត់នាអំឡុងខែមេសាខាងមុខ ប្រសិនបើកិច្ចព្រមព្រៀងលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមមិនត្រូវបានសម្រេច។ 

ដោយលោក Trump បានប្រាប់អ្នកយកព័ត៌មានថា "ប្រហែលជាខ្ញុំនឹងផ្តល់ឱ្យពួកគេនូវការកាត់បន្ថយពន្ធគយ ឬអ្វីមួយដើម្បីធ្វើឱ្យវាសម្រេចបាន" លោកបានបន្ថែមថា គាត់បានទទួលស្គាល់តួនាទីដែលប្រទេសចិននឹងដើរតួដើម្បីទទួលបានកិច្ចព្រមព្រៀងណាមួយ រួមទាំងការផ្តល់ការយល់ព្រម។ 

ជុំវិញនៃការអត្ថាធិប្បាយរបស់លោក Trump បានបង្ហាញថាការលក់ TikTok គឺជាអាទិភាពសម្រាប់រដ្ឋបាលរបស់គាត់ ហើយវាមានសារៈសំខាន់គ្រប់គ្រាន់ក្នុងការប្រើពន្ធដើម្បីចរចាជាមួយទីក្រុងប៉េកាំង។

គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងខែកុម្ភៈ និងដើមខែនេះ លោក Trump បានបន្ថែមការយកពន្ធសរុប 20% ទៅលើពន្ធដែលមានស្រាប់លើការនាំចូលទាំងអស់ពីប្រទេសចិន។

ហើយកាលពីថ្ងៃទី 20 ខែមករា កន្លងទៅ ដែលជាថ្ងៃដំបូងរបស់លោក ត្រាំ ក្នុងការឡើងកាន់តំណែង គាត់បានព្រមានថាគាត់អាចដាក់ពន្ធលើប្រទេសចិនប្រសិនបើទីក្រុងប៉េកាំងបរាជ័យក្នុងការអនុម័តកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិកជាមួយ TikTok ។