2025-03-27 11:40
20

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថាការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាកិច្ចការដែលត្រូវធ្វើជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន បង្កើនប្រសិទ្ធការងារឱ្យបានខ្ពស់ជាងមុន ក្នុងសមត្ថភាពប្រកួតប្រជែងជាលក្ខណៈតំបន់ និងអន្តរជាតិ។

នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួង នៅ ដឺ ព្រមមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថាក្នុងបរិបទនៃកត្តាជះពីខាងក្រៅ ទាំងស្ថានភាព និងភូមិសាស្ត្រនយោបាយ ព្រមទាំងទំនាក់ទំនងអន្តរជាតិ ដែលគ្មានភាពច្បាស់លាស់ ហើយដែលនឹងអាចជះឥទ្ធិពលមកលើកម្ពុជា ទាំងលើសេដ្ឋកិច្ច សង្គម និងនយោបាយផងនោះ យើងរឹងរឹតតែត្រូវគិតគូរពង្រឹងខ្លួនឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត។ ផ្នែកមួយនៃភាពច្បាស់លាស់នោះគឺ ការពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជាឱ្យកាន់តែមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការ បាន និងកំពុងបន្តការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ហើយបន្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ពីអាណត្តិមុន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការងារដែលក្រសួងបាន និងកំពុងធ្វើ និងបន្តអនុវត្តគឺត្រូវអនុលោមគោលការណ៍ អភិក្រម និងបទដ្ឋានគតិយុត្តជាធរមាន រួមជាមួយការរៀបចំយន្តការពិគ្រោះយោបល់ និងការសហការការងារជាមួយគ្នាជាប្រចាំ ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ជាជាងការអនុវត្តការងារផ្អែកតាមទម្លាប់៕