2025-03-27 11:50
44

ស្វាយរៀង៖ ជនជាតិវៀតណាម ចំនួន ០៣ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចអធិការនគរបាលស្រុកចន្ទ្រា សហការជាមួយប៉ុស្តិ៍រដ្ឋបាលធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណី លួចទូរសព្ទដៃ ក្នុងកាស៊ីណូ យីហោ «សៀងហៃ រីស៊ត» សង្ស័យថាពួកគេចាញ់ល្បែងអស់ប្រាក់ទើបបែកគំនិតធ្វើចោរបែបនេះ។

តាមរបាយការណ៍បានឱ្យដឹងថា លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា បានបញ្ជាកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុក សហការជាប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានបង្ក្រាបបាន ករណី ចោរលួចទូរសព្ទ ក្នុងវីឡា V20 នៅបរិវេណកាស៊ីណូ សៀងហៃរីស៊ត និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣ នាក់  រួមទាំងវត្ថុតាងទូរសព្ទដៃ ចំនួន ០៦ គ្រឿង។

ជនសង្ស័យទាំង៣នោះ ត្រូវបានសមត្ថកិច្ចបានឱ្យដឹងថា ទី១- ឈ្មោះ ហ្វៀង ចុងថៃ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិឡាធី ឃុំថេអាន ស្រុកដុងជាវ ខេត្តហ្វាងលិញ ប្រទេសវៀតណាម ។ ២- ឈ្មោះ ហ្វួ វ៉ាន់ដុង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិចាំងម៉ើយអា ឃុំប៉ិនខេត ស្រុកដុងជាវ ខេត្តហ្វាងលិញ ប្រទេសវៀតណាម និង ទី៣- ឈ្មោះ ហ្វាម ជុងហៀវ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាមឡូ ឃុំហ្វាថាំ ស្រុកហ៊ីញញៀន ខេត្តអិនធី ប្រទេសវៀតណាម ។

ការបង្ក្រាបមុខសញ្ញាទាំង៣នាក់នេះ សមត្ថកិច្ចដកហូតរួមមាន៖ ទូរសព្ទដៃ ចំនួន ០៦ គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថា ខ្លួននិងគូរកនពិតជាបានធ្វើសកម្មភាពលួច និង រួមគំនិតលួច ទូរស័ព្ទ ក្នុងកាស៊ីណូសៀងហៃ ពិតប្រាកដមែន ។

បច្ចុប្បន្នៈ ជនសង្ស័យទាំង៣នាក់ខាងលើឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកចន្រ្ទា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕