2025-03-27 14:00
48

អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកាណាដានឹងឆ្លើយតប នឹងការយកពន្ធថ្មីលើយានជំនិះនាំចូលដែលប្រកាសដោយប្រធានាធិបតីអាមេរិកលោក Donald Trump ហើយអាចនឹងដាក់វិធានការសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិកវិញទៀតផង។

លោក Carney បាននិយាយថា ចំណាត់ការរបស់លោក Trump គឺជា "ការវាយប្រហារដោយផ្ទាល់" ហើយបានប្រាប់អ្នកសារព័ត៌មានថា លោកនឹងកោះប្រជុំគណៈរដ្ឋមន្ត្រីកម្រិតខ្ពស់នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីសម្រេចចិត្តលើការឆ្លើយតបចំពោះសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ប្រទេសកាណាដាបានប្រកាសរួចហើយ នូវកញ្ចប់ពន្ធសងសឹកដែលមានតម្លៃសរុប 155 ពាន់លានដុល្លារ ដោយបានអះអាងថានឹងត្រូវដាក់ជាដំណាក់កាលអាស្រ័យលើអ្វីដែលលោក Trump បានធ្វើ។ 

បន្ថែមពីនេះ នាយករដ្ឋមន្រ្តីកាណាដា បានបញ្ជាក់ថា ខ្លួននឹងធ្វើការឆ្លើយប្រតិកម្មជុំវិញការគម្រាមដាក់ពន្ធរបស់លោក ត្រាំ ក្នុងពេលឆាប់ៗនេះ ដោយអះអាងថាលោកមានជម្រើសច្រើនក្នុងការដាក់ពន្ធសងសឹកវិញទៅកាន់លោក ត្រាំ ។ 

លោក Carney បានបន្តថា លោកនឹងធ្វើឲ្យប្រាកដថា លោកនឹងធ្វើឲ្យមានការឈឺចាប់តាមដែលអាចធ្វើទៅបាន ចំពោះប្រជាជនអាមេរិក ដោយមិនធ្វើឲ្យដល់ប្រជាជនកាណាដានោះទេ។ 

ហើយចាប់តាំងពីនាយករដ្ឋមន្រ្តី កាណាដា រូបនេះបានឡើងកាន់តំណែងនាដើមខែនេះរួចមក លោកនៅមិនទាន់បាននិយាយគ្នាជាមួយលោក ត្រាំ នោះទេ។