
ក្រុងគែរ៖ ជនជាតិរុស្ស៊ី ៦ នាក់បានស្លាប់ ហើយអ្នកទេសចរបរទេសចំនួន ៣៩ នាក់ទៀតត្រូវបានជួយសង្គ្រោះកាលពីថ្ងៃ ព្រហស្បតិ៍ម្សិលមិញនេះ នៅពេលដែលនាវាមុជទឹកមួយគ្រឿងបានលិចចេញពីរមណីយដ្ឋានសមុទ្រក្រហមអេហ្ស៊ីប Hurghada។
អភិបាលសមុទ្រក្រហមបាននិយាយថា នាវាមុជទឹកដែលលិចខាងលើនេះមានឈ្មោះថា "Sindbad" ដោយមានមនុស្សសរុបចំនួន ៥០ នាក់ ដែលក្នុងចំណោមនោះមានអ្នកទេសចរចំនួន ៤៥ នាក់គឺសុទ្ធតែមានសញ្ជាតិផ្សេងៗគ្នាដូចជាមកពីប្រទេសរុស្ស៊ី ឥណ្ឌា ន័រវេស ស៊ុយអែត និងសមាជិកនាវិកអេហ្ស៊ីបប្រាំនាក់ទៀតផងដែរ។
ស្ថានកុងស៊ុលរុស្ស៊ីនៅទីក្រុង Hurghada បាននិយាយថា ភាគច្រើននៃអ្នករងគ្រោះទាំងអស់គឺត្រូវបានជួយសង្គ្រោះ និងត្រូវបានបញ្ជូនទៅសណ្ឋាគារក៏ដូចជាមន្ទីរពេទ្យនៅឯ Hurghada។
យោងតាមគេហទំព័ររបស់ក្រុមហ៊ុនបានឱ្យដឹងថា នាវាមុជទឹកនេះត្រូវបានបំពាក់ដោយរន្ធធំៗ ដើម្បីអោយអ្នកដំណើរបានឃើញផ្កាថ្ម និងជីវិតសត្វសមុទ្រដ៏អស្ចារ្យរបស់សមុទ្រក្រហម ហើយអាចចុះដល់ជម្រៅរហូតដល់ 25 ម៉ែត្រថែមទៀតផង។
គួរបញ្ជាក់ថា សមុទ្រក្រហមគឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ប្រទេសអេហ្ស៊ីប ដែលជាសសរស្តម្ភនៃសេដ្ឋកិច្ច ដោយក្នុងនោះអ្នកទេសចរភាគច្រើនគឺមកពីប្រទេសរុស្ស៊ី។
ក្រៅពីសមុទ្រក្រហមដ៏ទាក់ទាញនេះប្រទេសអេហ្ស៊ីប ក៏អាចស្រូបទាញអ្នកទេសចរជាច្រើនមកពីបណ្ដាប្រទេសផ្សេងៗទៀតផងដែរ ជាមួយនឹងប្រាសាទពីរ៉ាមីតដ៏អស្ចារ្យនៃ Giza និងការជិះទូកកម្សាន្តនៅលើទន្លេ Nile ក្នុងទីក្រុង Luxor និង Aswan ។
