2025-03-29 01:39
25

នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Ngozi Okonjo-Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (WTO) អំឡុងពេលទៅចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មលើកទី៣ នៅទីស្នាក់ការ WTO នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។


នៅក្នុងជំនួបពិភាក្សានេះ លោកជំទាវរដ្ឋមន្ត្រី និងលោកជំទាវអគ្គនាយិកាបានផ្លាស់ប្តូរយោបល់លើតួនាទីនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ប្រទេសសមាជិកអភិវឌ្ឍន៍តិចតួច និងសារៈសំខាន់នៃយន្តការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មក្នុងការពង្រឹងគោលការណ៍តម្លាភាពរបស់ WTO។


លោកជំទាវអគ្គនាយិកាបានសម្តែងនូវការកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងកិច្ចការងាររបស់ WTO ជាពិសេសតួនាទីរបស់កម្ពុជាក្នុងនាមជាអ្នកសម្របសម្រួលក្រុមប្រទេស LDC និងការបំពេញកាតព្វកិច្ចនានា ដូចជាការអនុវត្តបាន ១០០% នៃកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម និងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងឧបត្ថម្ភធនជលផលជាដើម។ លោកជំទាវអគ្គនាយិកា ក៏បានកោតសរសើរដល់កម្ពុជាចំពោះការសម្រេចបាននូវម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ និងការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើពិពិធកម្ម។


លោកជំទាវរដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះការលើកឡើងរបស់លោកជំទាវអគ្គនាយិកា និងបានគូសបញ្ជាក់អំពីការគាំទ្ររបស់កម្ពុជាចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលបើកចំហ និងផ្អែកលើវិធានច្បាប់ ដែលបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា។


លោកជំទាវបានចាត់ទុកការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មជាយន្តការដ៏សំខាន់មួយសម្រាប់សមាជិកក្នុងការយល់ដឹងអំពីគោលនយោបាយ និងការអនុវត្តពាណិជ្ជកម្មរបស់កម្ពុជា និងសម្រាប់កម្ពុជាក្នុងការឆ្លុះបញ្ចាំងអំពីការអនុវត្តរបស់ខ្លួនផងដែរ។ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះការចូលរួមរបស់សមាជិក ដែលបានបង្ហាញចំណាប់អារម្មណ៍មកលើគោលនយោបាយ និងការអនុវត្តពាណិជ្ជកម្មរបស់កម្ពុជា៕