2025-03-29 01:42
36

កិច្ចប្រជុំកាលពីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីអធិការការងារ មន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតំណាង ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍,  ក្រសួងសុខាភិបាល, ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ។


កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាអំពីផែនការអនុវត្តរបស់ក្រុមអធិការកិច្ចអន្តរក្រសួងក្នុងវិស័យអាទិភាពទាំងបួន រួមមានវិស័យកម្មន្តសាលកាត់ដេរ ទេសចរណ៍ កសិកម្ម និងសំណង់ ក្នុងឆ្នាំ២០២៥ និងត្រួតពិនិត្យ វាយតម្លៃលើលទ្ធផលការងារ និងវឌ្ឍនភាពការងារនៃការចុះធ្វើអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្ដសាលក្នុងឆ្នាំ២០២៤ ដើម្បីទទួលយកធាតុចូលពីមន្រ្តីជំនាញ ដើម្បីឱ្យការធ្វើអធិការកិច្ចកាន់តែមានសង្គតិភាព និងប្រសិទ្ធភាពសម្រាប់ឆ្នាំ២០២៥។ 


ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម សោម ចំណានបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចលើប្រធានបទចំនួន១៥ ក្នុងនោះប្រធានបទទី៦ ពាក់ព័ន្ធនឹង “ការពិនិត្យ និងរៀបចំជាបញ្ជីស្ថាប័ន និងពេលវេលាចុះពិនិត្យនៅតាមរោងចក្រ”។


ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា យោងតាមផែនការដែលបានឯកភាពជាឯកច្ឆន្ទ ការចុះធ្វើអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្តសាលនៅក្នុងឆ្នាំ២០២៤កន្លងទៅ គឺផ្តោតតែរោងចក្រ សហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប នៅរាជធានីភ្នំពេញ។ ក្នុងពេញមួយឆ្នាំ២០២៤ មន្ត្រីអធិការកិច្ចអន្តរក្រសួងបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងទទួលបានលទ្ធផលផ្លែផ្កាផងដែរ។


ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់សេចក្តីណែនាំជាច្រើនដើម្បីជាធាតុចូលក្នុងនីតិវិធីចុះអធិការកិច្ច រួមទាំងការរៀបចំរបាយការណ៍មួយចំនួនដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រុមអធិការកិច្ចអន្តរក្រសួងផងដែរ៕