
កណ្តាល៖ ក្រុមចោរក្លាហាន ចំនួន ០២ នាក់ ប្រដាប់ដោយអាវុធខ្លី បានធ្វើសកម្មភាពភ្ជង់ប្លន់រយន្ត ០១ គ្រឿងលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ធ្វើឱ្យមនុស្ស ០១ គ្រួសារ ទាំងក្មេងទាំងចាស់ភ័យព្រលឹងចុងសក់ និងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ករណីភ្ញាក់ផ្អើលក្រុមចោរប្លន់រថយន្តខាងលើ បានកើតឡើងនៅថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ នេះ ស្ថិតលើផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានចេញប្រតិបត្តិការតាមបង្ក្រាបដោយចាប់ខ្លួនបានជនសង្ស័យម្នាក់ នៅក្នុងភូមិសាស្ត្រស្រុកអង្គស្នួល ខេត្តកណ្តាល និងម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះដោយអំពើប្លន់ប្រដាប់អាវុធយករថយន្តនេះ មិនមានរងគ្រោះថ្នាក់ឡើយ គឺពួកគេបានសុវត្ថិភាព ដោយនាំគ្នារត់ចុះពីក្នុងរថយន្ត បណ្តោយឱ្យក្រុមចោរបើករថយន្តទៅដោយរលួន។
តាមរូបភាពវីដេអូ ត្រូវបានបង្ហោះចែកចាយលើបណ្តាញសង្គម បានបង្ហាញថា មានជនសង្ស័យម្នាក់ បានឈរតោងដៃម្ខាងកាន់កាំភ្លើងខ្លី ០១ ដើម មិនស្គាល់ម៉ាកគំរាមជនរងគ្រោះ និងបក្ខពួកចោរម្នាក់ទៀត កំពុងស្ថិតក្នុងរថយន្ត។ ជនរងគ្រោះរងគ្រោះបានបន្ថយល្បឿនរថយន្តបន្តិចម្តងៗ រហូតដល់ឈប់បានបើកទ្វានាំគ្នារត់គេចពីក្រុមចោរប្លន់ និងស្រែកឱ្យអ្នកដំណើរជួយ ហើយពួកចោរបានបើករថយន្តគេចបាត់ពីកន្លែងតែម្តង។
ចំពោះករណីនេះ តាមព័ត៌មានបឋមបានឱ្យដឹងថា គឺផ្តើមចេញពីករណី ចោរឆក់ ដែលបង្កដោយជនល្មើស ចំនួន ០២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលដេញចបង្ក្រាប ពួកចោរបានរត់ទៅភ្ជង់ឡានជនរងគ្រោះទី១ ដែលកំពុងធ្វើដំណើរតាមផ្លូវ រួចយករថយន្តនេះ ទៅប្លុងចោល ហើយទៅភ្ជង់ឡានទី២ របស់អ្នកដំណើរ រហូតឡើងផ្លូវល្បឿនលឿនព្យាយាមបើកគេចខ្លួន ប៉ុន្តែត្រូវបាននគរបាលស្ទាប់បង្ក្រាបចាប់បានម្នាក់ រីឯម្នាក់ទៀតកំពុងគេចខ្លួន។ បច្ចុប្បន្ន ករណីនេះ សមត្ថកិច្ចកំពុងនាំខ្លួនជនសង្ស័យមកធ្វើការសាកសួរ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕



