
ភ្នំពេញ៖ ទីបំផុតអ្វីដែលប្រជាពលរដ្ឋចង់ ត្រូវប្រមុខដឹកនាំរដ្ឋាភិបាល មានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ប្រកបដោយសក្កានុពល ឆ្លៀសវៃ និងប៉ិនប្រសប បានសម្រេច «បិទមិនឱ្យក្រុមហ៊ុនផលិតស្រាបៀរ និងភេទសជ្ជៈគ្រប់ប្រភេទដាក់រង្វាន់ក្រោមគម្របកំប៉ុង ឬដបបន្តទៀតហើយ» ដោយរៀបចំទុករយៈពេលសមរម្យ ដើម្បីឱ្យក្រុមហ៊ុនទាំងនោះ អាចត្រៀមខ្លួនជាមុន។
ការចាត់វិធានការលើការធ្វើទីផ្សារដោយការផ្តល់រង្វាន់តាមរយៈគម្របដប និងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈ និងគ្រឿងស្រវឹង អនុវត្តតាមចំណារដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ កន្លងមក។
លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាកើថា៖ «រាជរដ្ឋាភិបាលបានឃើញ និងឯកភាពជាគោលការណ៍ដូចតទៅ៖ ទី១- ក្នុងករណី មានការហាមឃាត់ចំពោះការផ្តល់រង្វាន់ តាមរយៈក្រវិលកំប៉ុង ឬគម្របនៃផលិតផល គ្រឿងស្រវឹង និងភេសជ្ជៈនោះ ត្រូវកំណត់នូវរយៈពេលសមរម្យណាមួយ ដូចជា ៦ខែ ឬ ១ឆ្នាំ ដើម្បីឱ្យក្រុមហ៊ុនទាំងនោះអាចត្រៀមខ្លួនជាមុន និងទី២- រៀបចំកិច្ចប្រជុំរវាងម្ចាស់ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបិទមិនឱ្យមានការផ្តល់រង្វាន់ទាំងអស់នាពេលវេលាសមស្រប»។
សូមជម្រាបថា ចំណាក់ការដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតនេះ គឺបំណងប្រាថ្នាដែលប្រជាពលរដ្ឋកម្ពុជា ចង់ឃើញអស់យូរខែឆ្នាំមកហើយ ព្រោះពួកគាត់មិនចង់ឃើញកូនចៅរបស់ខ្លួនទិញស្រាបៀរ ឬភេទសជ្ជៈបរិភោគ ដើម្បីតាមរករង្វាន់ធំដោយមិនគិតពីសុខភាព។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើលិខិតមួយទៅកាន់លោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយឱ្យចាត់វិធានការលើការធ្វើទីផ្សារដោយការផ្ដល់រង្វាន់ តាមរយៈគម្របដប និងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈ និងគ្រឿងស្រវឹង៕