
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល បាបថ្លែងថា ការចាប់យកនិងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៃវិស័យសាធារណៈនិងវិស័យឯកជន គឺជាឧត្តមភាពមួយថ្មី ដើម្បីកាត់បន្ថយភាពស្មុគស្មាញនៃការិយាល័យធិបតេយ្យ និងលើកកម្ពស់ប្រសិទ្ធភាពការងារ ។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ "យុទ្ធសាស្ត្រស្ដីពី ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥ - ២០២៨" កាលពីពេលថ្មីៗនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ទៀតថា បច្ចេកវិទ្យាឌីជីថល ជាពិសេសវឌ្ឍនភាពចុងក្រោយនៃបញ្ញាសិប្បនិម្មិត ឬហៅថា AI បានក្លាយជាផ្នែកមួយដ៏សំខាន់នៃការរស់នៅ ការរៀនសូត្រ ការប្រកបអាជីវកម្ម និងការផ្តល់សេវាសាធារណៈជូនធុរជន ក៏ដូចជាជូនប្រជាជនទូទៅ ក្នុងយុគ្គសម័យនេះ ដែលគឺជារឿងមិនអាចខ្វះបាន។
ឯកឧត្ដមឧបនាយរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ក្នុងន័យនេះ បច្ចេកវិទ្យាឌីជីថលបានចាក់ស្រេះ ក្នុងគ្រប់សកម្មភាពសង្គមសេដ្ឋកិច្ច ហើយបានក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការជំរុញកំណើននិងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច ដែលមិនអាចមើលរំលងបាន។
ឯកឧត្ដមឧបនាយរដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមទៀតថា សម្រាប់កម្ពុជា ការអភិវឌ្ឍវិស័យឌីជីថលត្រូវបានចាត់ទុកជាចលករដ៏សំខាន់មួយ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពប្រាកដនិយម របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានប្រកាសដាក់ឱ្យអនុវត្ត ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ នៃគោលនយោបាយ រដ្ឋាភិបាលឌីជីថល២០២៥-២០៣៥ ដែលជាឯកសារគោលនយោបាយរយៈពេលវែង សម្រាប់ជាត្រីវិស័យក្នុងការរៀបចំបដិវត្តកម្មបរិវត្តកម្មឌីជីថលរបស់កម្ពុជា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសរំលេចថា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវស្វាហាប់ ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលបានកំណត់ជាអាទិភាពគន្លឹះ៥ រួមមាន អាទិភាពគន្លឹះចំនួន៤ បន្តពីយុទ្ធសាស្ត្រចតុកោណ នោះគឺមនុស្ស ផ្លូវ ទឹកនិងភ្លើង និងអាទិភាពគន្លឹះបន្ថែមថ្មីមួយទៀតគឺបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបប្រកបដោយសង្គតិភាព ទៅនឹងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាល ២០២២-២០៣៥ ៕



