
នារសៀលថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនប្រតិភូក្រុមហ៊ុន Agility Public Warehousing Company K.S.C.P ដឹកនាំដោយ លោកស្រី Mariam Al Foudery ប្រធានផ្នែកទីផ្សារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនារសៀលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីព័ត៌មានពាក់ព័ន្ធរបស់ក្រុមហ៊ុន Agility ដែលជាក្រុមហ៊ុនសកលមួយផ្តល់សេវាភស្តុភារកម្ម, ខ្សែច្រវ៉ាក់ផ្គត់ផ្គង់,ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់ការដឹកជញ្ជូន និងភស្តុភារកម្ម, ព្រមទាំងបច្ចេកវិទ្យានវានុវត្តន៍នានាដែលទ្រទ្រង់ និងលើកកម្ពស់ប្រសិទ្ធភាពការងារពាក់ព័ន្ធ។ ក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅប្រទេសគុយវ៉ែត និងមានប្រតិបត្តិការនៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។ ជាមួយគ្នានេះ ប្រតិភូក្រុមហ៊ុនបានសម្តែងនូវការកត់សម្គាល់ខ្ពស់អំពីការរីចម្រើនទាំងផ្នែកសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា និងបានបង្ហាញពីចំណាប់អារម្មណ៍លើទីផ្សារនៅកម្ពុជា ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សាស្វែងយល់បន្ថែមលើទិដ្ឋភាពនានា ពាក់ព័ន្ធនឹងបរិយាកាសវិនិយោគផងដែរ។
តាមរយៈជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបបន្ថែមឱ្យកាន់តែច្បាស់អំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាបច្ច័យសម្រាប់ពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ ទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ និងជាប្រភពនៃថាមពលកកើតឡើងវិញ, សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល និងបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានបើកភាពចំហ ការការពារ និងផ្តល់នូវការលើកទឹកចិត្តជាច្រើនដល់សកម្មភាពវិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងវិស័យភស្តុភារកម្ម ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស សំដៅជំរុញឱ្យ សមាហរណកម្មនៅទូទាំងប្រទេស និងទៅកាន់តំបន់មានភាពប្រសើរឡើង៕


