
ភ្នំពេញ៖ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដល់មន្ត្រីឧទ្យានុរក្សពីការប្រឈមទៅនឹងការបាញ់ប្រហារពីជនប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ពេលចុះល្បាតការពារព្រៃឈើ និងគ្រប់គ្រងតំបន់ការពារធម្មជាតិ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា៖ «ក្រសួងបរិស្ថានគ្រោងនឹងប្រើប្រាសដ្រូន ផ្កាយរណប និង Satellite ដើម្បីចុះល្បាតព្រៃជំនួញវិញ»។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផ្លែត បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញធ្វើជាអធិបតីភាពពិធីបើកកិច្ចសន្ទនា ស្តីពី «សមភាពយេនឌ័រ និងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣» នៅ Hyatt Regency Hotel រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នេះ។
លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងពីការថយចុះកម្លាំងឧទ្យានុរក្សក្នុងការល្បាតការពារព្រៃឈើ និងគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលមានផ្ទៃដីរហូតដល់ជាង ៧លានហិកតា។ ដោយលោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «បច្ចុប្បន្នយើងមានឧទ្យានុរក្សប្រហែល ១ពាន់នាក់ ប៉ុណ្ណោះ ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលផ្ទៃដីរហូតដល់ ៧ លានហិកតា ដែលចំនួននេះ មិនអាចចុះល្បាតគ្រប់តំបន់បានទេ ជាពិសេសបាននឹងកំពុងតែប្រយុទ្ធជាមួយសត្រូវពួនស្ទាក់ហើយយើងដើរកណ្ដាលវាល»។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសំដែងការព្រួយបារម្ភចំពោះអាយុជីវិតរបស់មន្រ្តីឧទ្យានុរក្សយ៉ាងខ្លាំង ព្រោះជីវិតមិនអាទិញលក់បានឡើយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ឧទ្យានុរក្សក្រសួងបរិស្ថាន ត្រៀមដាក់ឱ្យប្រើប្រាស់ដ្រូន (Drone) ដើម្បីល្បាតវិញ ដោយការងារនេះ នឹងចាប់ពីផ្ដើមព្រៃឡង់មុនគេ។ ក្រៅពីដ្រូន ក្រសួងប្រើប្រាស់ផ្កាយរណប និង Satellite។ ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីវែកមុខជនល្មើស គឺជាការធ្វើទំនើបកម្មដ៏មានប្រសិទ្ធភាព លឿន និងហានិភ័យទាបជាងការចេញទៅល្បាតផ្ទាល់។
ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា៖ «ក្រុមជនល្មើសពួកគេអាចបាញ់ទម្លាក់ដ្រូន ដែលកមានតម្លៃ៣ទៅ៥ពាន់ដុល្លារបាន ប៉ុន្តែមិនស្មើនឹងអាយុជីវិតឧទ្យានុរក្សដែលយាមហើយត្រូវបានគេបាញ់សម្លាប់ទេ»។ បច្ចុប្បន្នចំពោះការងារបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការអនុវត្តច្បាប់ ១០០ ភាគរយ ដោយមិនលើកលែងចំពោះបុគ្គលណា ដែលប្រព្រឹត្តិបទល្មើស មិនថាកាប់ដើមឈើ ឈូសឆាយព្រៃ ដើម្បីធ្វើកសិកម្ម និងសកម្មភាពខុសច្បាប់គ្រប់ប្រភេទ៕


