
ពោធិ៍សាត់៖ ដើមឈើចម្រុះចំនួន ១២ម៉ឺនដើម ត្រូវបានដាំឡើងវិញ ក្នុងដំណាក់កាលទី២ នៅចុងខែមេសា ឆ្នាំ២០២៥ នៅលើផ្ទៃដី ២៦៤ហិកតា តំបន់អន្ទង់អាំង ផ្លូវបុប្ផាលាក់ខ្លួន ឬភ្នំ១៥០០ ដើម្បីស្ថារបរិស្ថាន ឱ្យកាន់តែមានសោភណ្ឌភាព និងទាក់ទាញភ្ញៀវទេសចរមកកម្សាន្តលេង។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក អ៉ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ តំណាងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពី «ដំណើរការស្តារបរិស្ថានឡើងវិញ នៅតំបន់អន្ទង់អាំង ផ្លូវបុប្ផាលាក់ខ្លួន ឬភ្នំ១៥០០» ខេត្តពោធិ៍សាត់ សម្រាប់ដំណាក់កាលទី២ ដោយមានការចូលរួមពីក្រុមហ៊ុន Renaissance Minerals (Cambodia) Limited តំណាងមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងមន្ត្រីការិយាល័យជំនាញមួយចំនួនទៀត។
គួរជម្រាបជូនថា នៅតាមដងផ្លូវជាតិលេខ ៥៥ តំបន់អន្ទង់អាំង ផ្លូវបុប្ផាលាក់ខ្លួន ឬភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមកិច្ចសហការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីក្រុមហ៊ុន Renaissance Minerals (Cambodia) Limited បានពិភាក្សាស្តីពីផែនការដាំដើមឈើចម្រុះឡើងវិញ ក្នុងដំណាក់កាលទី២ ចំនួន ១២ម៉ឺនដើម នៅចុងខែមេសា ឆ្នាំ២០២៥ នៅលើផ្ទៃដី ២៦៤ហិកតា ដើម្បីឱ្យកាន់តែមានសោភណ្ឌភាព និងសមិទ្ធផលផ្លែផ្កា។
ចំពោះការដាំដំណាក់កាលទី១ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ នៅលើផ្ទៃដី ៤៥ហិកតា ចំនួន ៥ម៉ឺនដើម ក្រោមអធិបតីភាព លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់, នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់៕





