2025-04-26 11:08
60

ភ្នំពេញ៖ នាព្រឹកថ្ងៃចុងសប្តាហ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការរបស់សម្តេច ចែករំលែកអំពីបទពិសោធ និងភាពភាពជោគជ័យចំពោះការអប់រំទូន្មានកូនចៅ តាំងពីតូចរហូតដល់ធំ ហើយសម្តេចក៏បានផ្តាំថា «ប្រសិនមានកូន និងចៅច្រើនសូមកុំលំអៀងឲ្យសោះត្រូវផ្តល់ការស្រឡាញ់ស្មើៗគ្នា កុំលើកមួយដាក់មួយដែលនេះ គឺជាចំណែកតូចមួយនៃជោគជ័យក្នុងការអប់រំកូន និងចៅរបស់សម្តេច»។

ភ្ជាប់ជាមួយរូបថបសម្តេចតេជោ ហ៊ុន សែន អោបចៅផង និងពរផង ដោយបានលើកឡើងថា៖ «កាលពីចៅនៅតូចៗ គឺបែបនេះ ដណ្តើមគ្នាឲ្យតា ព ឬអោបដល់ធំឡើងបានមកត្រឹមក្បែរ។ នៅសល់ចៅទី២១ និង២២ គ្រាន់មកជិត និងថើបលោកតា។ ជីវិតមនុស្សកាន់តែចាស់កាន់តែឯកោ តែនេះជាក្រិត្យក្រមធម្មជាតិដែលជៀសមិនរួច»។

សម្តេចតេជោ ហ៊ុន សែន បានសរសេរទៀតថា៖ «ខ្ញុំអប់រំកូន និងចៅបែបនេះ គឺប្រើប្រាស់ភាពជិតស្និតមើលថែពួកគេពីតូចរហូតដល់ធំទោះពួកគេមិនមានពេលច្រើនជួបយើងទៀតក៏ដោយ។ វិន័យខ្ញុំប្រើតែជាមួយកូនតែមិនបានប្រើចំពោះចៅទេ។ ប្រសិនមានកូន និងចៅច្រើនសូមកុំលំអៀងឲ្យសោះត្រូវផ្តល់ការស្រឡាញ់ស្មើៗគ្នា កុំលើកមួយដាក់មួយដែលនេះគឺជាចំណែកតូចមួយនៃជោគជ័យក្នុងការអប់រំកូននិងចៅរបស់ខ្ញុំ»៕