
ភ្នំពេញ៖ «ដើមសំរ៉ង» ជាប្រភេទឈើព្រៃម្យ៉ាង ដែលមានតម្លៃផ្នែកបរិស្ថាន និងសេដ្ឋកិច្ចជាតិខ្ពស់ ព្រោះវាដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ជាអាហារ ឱសថ ជម្រកដល់ជីវៈចម្រុះក្នុងតំបន់ និងគាំទ្រដល់ជីវភាពប្រជាពលរដ្ឋមូលដ្ឋានតាមរយៈការផ្តល់ជាប្រាក់ចំណូលតាមរដូវកាល។ សំរ៉ងជារុក្ខជាតិតំបន់ត្រូពិចដែលមានវត្តមាននៅព្រៃវាលទំនាបត្រូពិច នៃប្រទេសកម្ពុជា រួមមានតាមតំបន់ជួរភ្នំក្រវាញកណ្តាលជាដើម។
ទោះជាយ៉ាងណាក៏ដោយ ដើមសំរឺង កំពុងប្រឈមនឹងការគំរាមកំហែងយ៉ាងខ្លាំង តាមរយៈការប្រមូលផលដោយមិនមាននិរន្តរភាព តួយ៉ាងដូចជាការកាប់រម្លំដើម និងការកាប់បំផ្លាញព្រៃឈើដែលធ្វើឱ្យដើមសំរងកាន់តែខ្សត់ទៅៗ។ ការការពារ និងអភិរក្សដើមសំរងទាមទារឱ្យបានការចូលរួមពីភាគីពាក់ព័ន្ធចាប់តាំងពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងសហគមន៍ ចូលរួមការពារ និងបញ្ឈប់ការកាប់រម្លំដើម ពង្រឹងការគ្រប់គ្រងដើម ប្រមូលផលដោយនិរន្តរភាព កំណត់នូវវិធីសាស្ត្រនិងគោលការណ៍បែងចែកផលប្រយោជន៍ប្រកបដោយតម្លាភាព និងសមធម៌ រាយការណ៍ពេលប្រទះនឹងបទល្មើស និងដាំបន្ថែមនូវប្រភេទរុក្ខជាតិដ៏មានតម្លៃនេះ។
បច្ចុប្បន្នអង្គការអភិរក្សអន្តរជាតិកម្ពុជា ធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ និងសហគមន៍មូលដ្ឋានដើម្បីអនុវត្តច្បាប់ ទប់ស្កាត់ និងបញ្ឈប់បទល្មើសទាក់ទងនឹងធនធានធម្មជាតិក្នុងតំបន់ការពារ និងអនុវត្តគម្រោងជីវភាពសហគមន៍នៅតំបន់ជួរភ្នំក្រវាញកណ្តាល ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង និងកាត់បន្ថយការដាក់សម្ពាធលើធម្មជាតិ។សូមបញ្ជាក់ថា នាពេលកន្លងមក ក្រសួងបរិស្ថាន បានស្នើដល់អង្គភាពមានសមត្ថកិច្ច និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចូលរួមសហការជាមួយមន្ទីរបរិស្ថាន ដើម្បីចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពកាប់ផ្តួលដើមសំរ៉ងដោយល្មើសច្បាប់គ្រប់រូបភាព។ ក្រសួងបរិស្ថាន បានអំពាវនាវកុំឱ្យកាប់ដើមសំរ៉ង ដើម្បីប្រមូលយកផ្លែសំរ៉ង ដែលធ្វើឱ្យដាច់ពូជរុក្ខជាតិសំរ៉ង៕
