2023-06-15 17:12
436


ទីស្ដីការក្រសួង៖ ថ្ងៃអង្គារ-ពុធ ១០-១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារបេសកកម្មរបស់ធនាគារនីហរ័ណ-អាហរ័ណកូរ៉េ (KEXIM) តំណាងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស DOHWA Engineering Co., (ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយ) ដើម្បីពិនិត្យវាយតម្លៃគម្រោងសម្រាប់ការផ្តល់ហិរញ្ញប្បទានបន្ថែមនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងតាខ្មៅ ក្រោមឥណទានសម្បទានពីធនាគារនីហរ័ណ-អាហរ័ណកូរ៉េ ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក មន្ត្រីជំនាញបច្ចេកទេស នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងសមាជិកអង្គភាពគ្រប់គ្រងគម្រោងផងដែរ។ 


អង្គប្រជុំបានពិភាក្សាលើរបៀបវារៈនៃបេសកកម្ម ពិនិត្យ វាយតម្លៃសម្រាប់ហិរញ្ញប្បទានបន្ថែម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងនោះរួមមាន៖ ការពិនិត្យពិភាក្សាកែសម្រួលលើសេចក្តីព្រាងកំណត់ហេតុពិភាក្សា ការកំណត់ពេលវេលាផ្ដល់ឯកសាររបាយការណ៍រចនាប្លង់លម្អិត ឯកសារដេញថ្លៃ និងរបាយការណ៍ពង្រាងចុងក្រោយនៃគម្រោង និងឯកសារពាក់ព័ន្ធមួយចំនួន ដើម្បីជំរុញឱ្យគម្រោងនេះអាចអនុវត្តទៅបានដោយរលូនតាមផែនការដែលបានគ្រោងទុក។ 
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងថ្នាក់ដឹកនាំទទួលបន្ទុក ព្រមទាំងមន្ត្រីជំនាញបច្ចេកទេស ឱ្យបន្តសហការជាមួយអង្គភាពគ្រប់គ្រងគម្រោង និងតំណាងធនាគារនីហរ័ណ-អាហរ័ណកូរ៉េ ដើម្បីរៀបចំឯកសាររបាយការណ៍រចនាប្លង់លម្អិត និងរបាយការណ៍ពង្រាងចុងក្រោយនៃគម្រោង ឱ្យបានរួចរាល់ ហើយបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្តកិច្ចការជាជំហានបន្តបន្ទាប់ទៅតាមនីតិវិធីគម្រោងក្រោមឥណទានសម្បទានពីធនាគារនីហរ័ណ-អាហរ័ណកូរ៉េ៕