
ក្រុងនីស៖ នារសៀលថ្ងៃអង្គារ ពីទីក្រុងនីស ប្រទេសបារាំង ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបញ្ជាក់ថា៖ «មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថា “ស្នេហាជាតិ” ប៉ុន្តែនៅពេលដែលប្រទេសជាតិយើងប្រឈមនឹងការគម្រាងកំហែងពីអ្នកផ្សេង បែរជាខិតខំពុះពារ និងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយពត៌មានសត្រូវ វាយប្រហារលើប្រទេសជាតិខ្លួនឯងទៅវិញ»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី លើកឡើងថា «សូមបងប្អូនជនរួមជាតិជួយគិត៖ មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើងប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះខិតខំពុះពារ និងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ ជាពិសេសព័ត៌មានមិនពិត និងព័ត៌មានបំប៉ោងដែលប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកផ្សេងនោះ បានរៀបចំឡើង និងផ្សព្វផ្សាយ ដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិយើង»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកជាសំណួរថា តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងុល មិនយល់ពីពេលវេលានិងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន? សូមបងប្អូនជនរួមជាតិជួយពិចារណាផងចុះ៕

