(ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវចេះគ្រប់គ្រងលើតួនាទីការងារ បម្រើសេវាសាធារណៈនៅតាមអង្គភាពឲ្យបានល្អ នេះហើយជាអ្វីដែលប្រជាពលរដ្ឋចង់បាន រួមទាំងកម្លាំងប្រដាប់អាវុធ ត្រូវចេះយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ព្រោះនេះជាតួនាទីដ៏សំខាន់ ភូមិ ឃុំសង្កាត់មានសុវត្ថិភាព ប្រជាជនសុខសប្បាយ គឺជាសេចក្តីសុខរបស់ថ្នាក់ដឹកនាំ។
ថ្លែងឡើងបែបនេះរបស់ ឯកឧត្តម គួច ចំរើន ធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយលោក វង្ស ណាផាត ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីប្រកាសចូលកាន់មុខដំណែងលោកស្រី វាល់ ច័ន្ទលក្ខណ៍ ជាអភិបាលរងស្រុកព្រៃនប់។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់មន្ត្រីណាដែលខិតខំធ្វើការងារឧស្សាហ៍ព្យាយាមក្នុងអង្គភាពដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ មន្ត្រីត្រូវតែធ្វើការបម្រើរាស្ត្រ មន្ត្រីឧស្សាហ៍ ស្វែងរកកាងារមកធ្វើ ភាពជោគជ័យឆាប់មកដល់ មូលដ្ឋានរីកចម្រើនកាន់តែលឿន។
ឯកឧត្តម គួច ចំរើន បានបន្តថា ដំណើរការអភិវឌ្ឍនៅស្រុកព្រៃនប់ មានការរីកចម្រើន ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍឆ្នាំ២០២៣នេះ គម្រោងដេញថ្លៃមានការយឺតជាងឆ្នាំ២០២២ យើងបានធ្វើការកែទម្រង់ នៃការដេញថ្លៃ ដើម្បីធ្វើយ៉ាងណាឲ្យបានសមិទ្ធផលនៅក្នុងមូលដ្ឋានបានច្រើននៅក្នុងឃុំ។
រដ្ឋបាលខេត្តបានដាក់ឲ្យដេញថ្លៃការអភិវឌ្ឍផ្លូវបេតុងនៅតាមឃុំ សង្កាត់បានចំនួន២៤ ក្នុងចំណោម ២៩ឃុំ សង្កាត់ក្នុងខេត្តព្រះសីហនុ។ ទន្ទឹមនោះត្រូវគិតអំពីគម្រោងអាទិភាពសម្រាប់ធ្វើការអភិវឌ្ឍនៅឆ្នាំក្រោយបន្តទៀត និងសូមអបអរសាទរមន្រ្តីស្រុកព្រៃនប់ បំពេញការងារបានល្អ ទន្ទឹមនោះយើងបន្តអភិវឌ្ឍសាងសង់ផ្លូវបេតុងតភ្ជាប់ពីភូមិមួយទៅភូមិមួយ នៅក្នុងឃុំ សង្កាត់។ រដ្ឋបាលខេត្តបានធ្វើការពង្រាយគម្រោងអភិវឌ្ឍដល់មូលដ្ឋាន ក្នុងឆ្នាំ២០២៣នេះ ក្នុងមួយឃុំ សង្កាត់មួយគម្រោងសម្រាប់ឆ្នាំ២០២៣នេះ។
ចំណែកការងារអភិវឌ្ឍរង្វង់មូលវាលរេញ ដើម្បីលើកកម្ពស់សោភណភាព បរិស្ថាន ដើម្បីបញ្ចៀសការលេចលង់នៅរដូវវស្សា ត្រូវធ្វើលូកាត់ទទឹងផ្លូវចំនួន៣កន្លែង ដើម្បីរំដោះជំនន់ទឹកភ្លៀង និងបន្តធ្វើរូបសំណាកនៅឆ្នាំក្រោយ ដោយសារតែថវិការបស់យើងមានកម្រិត។ ការបម្រើសេវាសាធារណៈ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំបង្កើតការិយាល័យច្រកចេញចូលតែមួយនៅតាមក្រុង ស្រុក និងយន្តការច្រកចេញចូលតែមួយនៅតាមឃុំ សង្កាត់ ដូច្នេះត្រូវបន្តកាខិតខំទាំងអស់គ្នា ដើម្បីបម្រើសេវាសាធារណជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា ឆ្លើយតបទៅនឹងការគាំទ្រ និងសាទរពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។
ដោយមានការទុកចិត្ត និងមើលឃើញពីការខិតខំប្រឹងប្រែងតស៊ូ ពីថ្នាក់ដឹកនាំ លោកស្រី វាល់ ច័ន្ទវល័ក្ខណ៍ ដែលត្រូវបានតែងតាំងជាអភិបាលរងស្រុកព្រៃនប់ បានធ្វើការប្ដេជ្ញាចិត្តដូចខាងក្រោមៈ៖
*ទី១៖ បេ្តជ្ញាស្មោះត្រង់ចំពោះជាតិ មាតុភូមិ លើកកម្ពស់ស្មារតីខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បម្រើសេវាសាធារណជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព ប្រសិទ្ធផល ឆន្ទៈម្ចាស់ការ ភក្តីភាព សីលធម៌ និងមានមនៈសិការវិជ្ជាជីវៈខ្ពស់ ស្របតាមគោលនយោបាយកំណែទម្រងសាធារណរបស់រាជរដ្ឋាភិបាល
*ទី២៖ ប្តេជ្ញាអនុវត្តកម្មវិធីគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល រួមទាំងគោលការដឹកនាំរបស់រដ្ឋបាលស្រុក ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន
*ទី៣៖ បេ្តជ្ញាខិតខំសិក្សាស្រាវជ្រាវក្របខណ្ឌច្បាប់ បទដ្ឋានគតិយុត្ត និងបច្ចេកវិទ្យាស្របតាមបច្ចេកវិទ្យាជំនាន់៤.០ និងចំណេះដឹងផ្សេងៗទៀតឲ្យកាន់តែមានភាពរីកចម្រើន ឆ្លើយតបទៅនឹងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់
*ទី៤៖ ខិតខំរក្សាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈមន្រ្តីរាជការ ស្របតាមលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ
*ទី៥៖ ខិតខំរក្សាទំនាក់ទំនងល្អ សាមគ្គីភាពផ្ទៃក្នុងរវាងជួរថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ សហការជាមួយបណ្តាមន្ទីរ អង្គភាពជំនាញនានាក្នុងខេត្តព្រះសីហនុឲ្យបានល្អប្រសើរ៕