2025-06-10 18:33
33

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដោយមានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន អនុប្រធាន ចំនួន ០៥រូប និងសមាជិក ចំនួន ០៩រូប សរុបចំនួន ១៥រូប
តាមសេចក្តីសម្រេចបានបញ្ជាក់ថា៖ គណៈកម្មការនេះ មានភារកិច្ចដូចតទៅ៖ ពិនិត្យ និងសម្រេចជ្រើសរើសមេធាវីអន្តរជាតិការពារក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី តាមសំណើរបស់ក្រុមការងារកិច្ចការច្បាប់។ - ពិនិត្យ និងសម្រេចលើឯកសារដែលបានចងក្រងដោយក្រុមការងារកិច្ចការច្បាប់ជាមួយមេធាវីអន្តរជាតិ សម្រាប់បញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ។ ពិនិត្យ និងសម្រេចលើការងាររបស់ក្រុមការងារកិច្ចការការទូតតាមការចាំបាច់។ - ធ្វើទំនាក់ទំនងការងារជាមួយតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដំណើរការនីតិវិធីច្បាប់ ក្នុងការប្តឹងទៅតុលាការ យុត្តិធម៌អន្តរជាតិ។ - ធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ចាប់ពីដំណាក់កាលនៃការដាក់ពាក្យប្ដឹង។ - រាយការណ៍អំពីលទ្ធផលការងារ និងស្នើសុំការណែនាំតាមការចាំបាច់ពីប្រមុខរាជរដ្ឋាភិបាល រហូតដល់ការបញ្ចប់នីតិវិធីរបស់តុលាការយុត្តិធម៌អន្តរជាតិ និងអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។

ចំពោះគណៈកម្មការនេះ មានក្រុមការងារចំណុះ ចំនួន ២ (ពីរ) ទៀត គឺ ក្រុមការងារកិច្ចការច្បាប់ មានលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន និងក្រុមការងារកិច្ចការការទូត មានលោក អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ ជាប្រធាន៕