
នាព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Annelies Verlinden រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្របែលហ្ស៊ិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី ៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។
ក្នុងឱកាសនៃជំនួប, លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យលោកជំទាវ និងគណប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ ជាពិសេស វឌ្ឍនភាពនៃការចរចាលើកិច្ចព្រមព្រៀងក្នុងវិស័យយុត្តិធម៌ រវាងក្រសួងទាំងពីរ។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងបែលហ្ស៊ិក និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនបែលហ្ស៊ិក ដែលបានរួមចំណែកគាំទ្រ ការបោសសម្អាតមីន វិស័យអប់រំ និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ជាដើម។ សម្តេចធិបតីបានសង្កត់ធ្ងន់ចំពោះសារៈសំខាន់នៃយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗទៀត ។ សម្ដេចបវរធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ និងលើកទឹកចិត្តក្រសួងយុត្តិធម៌ទាំងពីរ ជំរុញការបញ្ចប់នីតិវិធីផ្ទៃក្នុង ដើម្បីឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបានបញ្ចប់កិច្ចពិភាក្សារួចរាល់៕



