2023-06-16 09:03
629


  ខេត្តកណ្តាល ៖ បុរសម្នាក់បានបេីករថយន្តស៊េរីទំនើបម៉ាក Lexus LS 460L ក្នុងល្បឿនយ៉ាងលឿន រួចរេចង្កូតមកខាងឆ្វេងដៃឆ្លងគន្លងផ្លូវជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញដែលបើកបញ្រ្ចាសគ្នាចំពីមុខយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តឡិចសុីសផុងមួយកំណាត់មុខគាបជាប់តៃកុងរងរបួសធ្ងន់ត្រូវបានពលរដ្ឋជួយគាស់ចេញមកក្រៅដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។


   យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តឃ្លុបម៉ាកហ៊ីយ៉ាន់ដាយ ដឹកទំនិញ ពណ៌សមួយគ្រឿងពាក់ផ្លាកលេខកំពង់ស្ពឺ 3A-5329បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចដោយប្រើល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាក Lexus LS 460L ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2U-1440 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅបញ្រ្ចាសគ្នាពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ហេីយក៏រេចង្កូតមកខាងឆ្វេងដៃឆ្លងគន្លងផ្លូវជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញចំពីមុខចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឱ្យរថយន្តកូរេ៉ខូចខាតយ៉ាងដំណំ ចំណែករថយន្ត Lexus Ls460Lវិញបានផុងមួយកណាត់មុខខូចខាតទាំងស្រុងនិងគាបជាប់តៃកុងក្នុងកាប៊ីនផងដែរ ត្រូវបានពលរដ្ឋជិតខាងជួយគាស់ទ្វារយកចេញមកខាងក្រៅនិងទាក់ទងទៅខាងរថយន្តសាមុយឯកជនមួយកន្លែងមកដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ 
    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយករថយន្តទាំង ២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល ដើម្បីរង់ចាំឱ្យភាគីចូលមកធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕