2025-06-27 16:05
43

ព្រះវិហារ៖ ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ  សម្តចបានផ្តាំផ្ញើទៅលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់កម្ពុជាទាក់ទងការដកសញ្ជាតិពលរដ្ឋកម្ពុជាណាដែលឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។

ប្រមុខព្រឹទ្ធសភាកម្ពុជា បានណែនាំដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបែបនេះ បន្ទាប់ពីមានក្រុមប្រឆាំងក្រៅច្បាប់ដែលកំពុងរស់នៅឯបរទេស បានចូលដៃជាមួយបរទេសធ្វើសកម្មភាពប្រឆាំង ដើម្បីបំផ្លិចផ្លាញប្រទេសជាតិខ្លួនឯង។

ប្រធានព្រឹទ្ធសភា បានថ្លែងបញ្ជាក់ថា៖ «ក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជាមិនឱ្យមានការដកសញ្ជាតិទេ សម្តេចធ្លាប់ទប់ស្កាត់អំពីរឿងនេះ ប៉ុន្តែកាលពីសម័យសាធារណរដ្ឋខ្មែរ តុលាការរបស់ លន់ ណុល បានកាត់ទោសប្រកូលណាព្រះបិតា “ព្រះបរមរតនកោដ្ឋ” និងហ្លូងម៉ែដកសញ្ជាតិខ្មែរ។ យើងមានច្បាប់អនុញ្ញាតិឱ្យមានការដកសញ្ជាតិ ប៉ុន្តែនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាកុំមានការដកសញ្ជាតិ ឬចាប់ពលរដ្ឋខ្មែរបញ្ជូនទៅបរទេសទេ»។ 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «វាល្មមដល់ពេលវេលាហើយដែលកម្ពុជាត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដកសញ្ជាតិពីពលរដ្ឋខ្មែរ ដែលបានឃុបឃិតចូលដៃជាមួយបរទេសមកបំផ្លាញជាតិខ្លួនឯង ដើម្បីជាការធានាអះអាងមួយថាកម្ពុជាមិនត្រូវបានទទួលការជ្រៀតជ្រែក និងប្រើប្រាស់ដោយបរទេសលើជនជាតិខ្មែរណាម្នាក់ ដើម្បីប្រឆាំងផលប្រយោជន៍របស់ខ្លួនទេ»។

សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានផ្តាំទៅក្រុមអ្នលប្រឆាំងក្រៅស្រុកថា៖ «សូមកុំទាមទាហួសហេតុរហូតឱ្យរាជរដ្ឋាភិបាលយកលិខិត ឬបង្ហាញត្រារបស់តុលាការយុត្តិធម៌អន្តរជាតិយកមកបង្ហាញខ្លួននោះ ព្រោះវាជានិតិវិធីរបស់តុលាការ សូម្បីតែតុលាការរបស់កម្ពុជាក៏យើងគ្មានសិទ្ធទាមទាឱ្យបង្ហាញឯកសារផ្សេងៗដែរ»។

សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរទៅកាន់ក្រុមប្រឆាំងជ្រុលនិយមទាំងនោះថា តើអស់លោកយល់ដឹងអំពីច្បាប់ទេ? សម្តេចមិនចង់ជ្រលក់មាត់ ឬប៉ះពាល់ជាមួយជាតិសាស្ត្រឯង ក្នុងពេលវេលាប្រទេសកំពុងមានជម្លោះជាមួយបរទេសដែលឈ្លានពានកម្ពុជានោះទេ ប៉ុន្តែវាជាភាពហួសហេតុពេក ទើបបង្ខំចិត្តត្រូវនិយាយ៕