2023-06-19 06:06
334


ទីស្ដីការក្រសួង៖ នាព្រឹកថ្ងៃចន្ទ ២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តមរដ្ឋលេខាធិការ សួង ហេង អមដោយថ្នាក់ដឹកនាំក្រសួងជាច្រើនរូប បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាកែសម្រួលលើសេចក្ដីព្រាង “គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨” ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។ 


កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សា និងផ្ដល់ធាតុចូលបន្ថែមសម្រាប់ការកែលម្អសេចក្ដីព្រាង “គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨” ដែលរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុរស់រវើក តាមរយៈការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រ និងការជំរុញការអភិវឌ្ឍ និងនវានុវត្តន៍ សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ សំដៅធ្វើឱ្យប្រសើរឡើងនូវច្រកទទួលសេវាហិរញ្ញវត្ថុ ប្រកបដោយភាពជឿទុកចិត្ត និងគុណភាពជីវិតរបស់អ្នកប្រើប្រាស់ក្នុងយុគសម័យឌីជីថល៕