2025-07-03 15:17
20

ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រឿងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតច្បាប់ដកសញ្ជាតិ បើអ្នកណាមិនមានផែនការបំផ្លាញខ្មែរទេ មិនគួរភ័យនោះទេ ហើយបើអ្នកដែលចង់បំផ្លាញខ្មែរនោះ អ្នកនោះមិនមែនជាខ្មែរនោះទេ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។

តាមការស្រាវជ្រាវចុងក្រោយ នៅឆ្នាំ២០២២ លើប្រទេសចំនួន១៩០ ក្នុងចំណោមប្រទេសទាំង១៩៥ លើពិភពលោក មានប្រទេសចំនួន ១៥០ ឬស្មើនឹង ៧៩% មានច្បាប់ដកសញ្ជាតិ។ ក្នុងចំណោមប្រទេសទាំងនោះ មានប្រទេសចំនួន១៣៤ អាចដកសញ្ជាតិពលរដ្ឋខ្លួនដោយផ្អែកលើហេតុផល ដូចជា៖ ភាពមិនស្មោះត្រង់ ការគំរាមកំហែងសន្តិសុខជាតិ ឬបទល្មើសដែលទាក់ទងនឹងភេរវកម្ម។ ជាមួយគ្នានេះ ចាប់តាំងពីឆ្នាំ២០០០ មានប្រទេសដល់ទៅ៣៧ បានបង្កើតច្បាប់នេះ។

សម្តេចបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «(រឿងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតច្បាប់ដកសញ្ជាតិ) សម្តៅលើខ្មែរណា ប្រឆាំងនឹងផលប្រយោជន៍របស់ខ្មែរ។ ឥលូវអ្នកខំភ័យធ្វើអី បើអ្នកឯងស្នេហាជាតិ ប្តេជ្ញាចិត្តទោះបីដង្ហើមចុងក្រោយមិនប្រឆាំងផលប្រយោជន៍ជាតិខ្មែរ អីចឹងកុំភ័យព្រួយពេក។ បើសិនអ្នកមានផែនការបំផ្លាញ គប់គិតជាមួយបរទេស បំផ្លាញផលប្រយោជន៍ជាតិខ្មែរ អាហ្នឹងអ្នកឯងភ័យចុះ។ ប៉ុន្តែបើអ្នកបែបហ្នឹង មិនគួរជាខ្មែរទេ។ និយាយឲ្យច្បាស់តែម្តង»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើអ្នកមិនគប់គិតជាមួយបរទេស បំផ្លាញខ្មែរទេ កុំមានការព្រួយបារម្ភ អ្នកនយោបាយគេមិនដែលទៅគប់គិតជាមួយបរទេស ដើម្បីបំផ្លាញជាតិឯងនោះទេ។ ការដកសញ្ជាតិ មិនមែនមានតែប្រទេសផ្តាច់ការទេ ប្រទេសប្រជាធិបតេយ្យក៏មានដូចគ្នា។

សូមជម្រាបថា ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពលោក ហ៉ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ ពិភាក្សា និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិចំពោះព្រះរាជសារចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះ មតិក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា។

ជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាធម្មនុញ្ញក្រាបបង្គំទូលថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា អាចធ្វើទៅបាន៕