កំពង់ស្ពឺ៖ ដោយក្តីអាណិតអាសូរយ៉ាងពន់ពេក នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រេីប្រាស់ និងថវិកាចំនួន ៥លានរៀល ជូនដល់ប្តីប្រពន្ធវ័យក្មេងលំបាកក្រីក្រ ១គ្រួសារ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោក ប៉ុន ពិសី អាយុ ៣៣ឆ្នាំ មុខរបរជាជាងផ្សារដែក ដែលរងគ្រោះដោយខ្សែភ្លេីងឆក់ធ្ងន់ធ្ងរពេលកំពុងផ្សារដែក បណ្តាលឱ្យដាច់ដៃទាំងសងខាង និងពឹងផ្អែកលេីភរិយាឈ្មោះ សួន ចាន់រី អាយុ ២៦ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ជាអ្នកមេីលថែទាំ ហេីយកំពុងមានផ្ទៃពោះ ៧ខែ ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់គ្រួសារក្មួយៗ។
លោកជំទាវ បានបញ្ជាក់ថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃេីញព័ត៌មាន អំពីករណីដ៏លំបាកមួយនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីអាណិតអាសូរជាពន់ពេក ហេីយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដេីម្បីជួយសម្រាលការលំបាកក្នុងជីវភាព និងជាការលេីកទឹកចិត្តឱ្យខិតខំតស៊ូប្រឹងប្រែងតទៅមុខទៀតដេីម្បីជីវភាពគ្រួសារ និងអនាគតរបស់កូនៗ»។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ក៏បានផ្តាំផ្ញេីឱ្យថែទាំសុខភាពឱ្យបានល្អ រស់នៅមានអនាម័យស្អាត និងបន្តព្យាបាលមុខរបួសឱ្យឆាប់ជាសះស្បេីយ។ ចំណែកឯក្មួយស្រី ត្រូវថែទាំសុខភាពផ្ទាល់ខ្លួន ត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ និងត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាពដែលនៅជិត ដេីម្បីសុវត្ថិភាពទាំងម្តាយ និងកូន។
ជាកិច្ចឆ្លេីយតប ក្រុមគ្រួសារខាងលេី បានសម្តែងនូវក្តីរំភើបក្តុកក្តួលដល់ស្រក់ទឹកភ្នែក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ បានគិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាកក្នុងជីវភាពដែលកំពុងជួបប្រទះចំពោះមុខមានដូចជា អង្ករ មី ត្រីខ មុង ភួយ សារុង ក្រមា សម្ភារៈចានឆ្នាំង និងថវិកា ៥លានរៀលទៀតផង។
ឈ្លាតឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ និងសហការី រួមជាមួយក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ក៏បានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់លោកយាយឥតទីពឹង ចំនួន ០៦នាក់ ដែលក្នុងម្នាក់ៗទទួលបាន អង្ករ មី ត្រីខ មុង ភួយ សារុង ក្រមា ឈុតសម្លៀកបំពាក់ថ្មី និងថវិកាមួយចំនួន។
ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក វានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានសុខភាពល្អ អាយុយឺនយូរ ដេីម្បីបន្តដឹកនាំប្រទេសជាតិតរៀងទៅ៕