
បាងកក៖ មេបញ្ជាការភូមិភាគទី២ ថៃ ឧត្តមសេនីយ៍ឯក Boonsin បញ្ជាក់ថា យោធានឹងមិនធ្វើរដ្ឋប្រហារទេ នឹងទុកឲ្យអ្វីៗដំណើរការទៅតាមយន្តការ ហើយលោកនឹងមិនប្រឡូកក្នុងឆាកនយោបាយទេ ក្រោយចូលនិវត្តន៍នៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខ។
ការលើកឡើងបែបនេះរបស់មេបញ្ជាការភូមិភាគទី២ បន្ទាប់ពីលោកបានបង្រៀននិស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យ Thammasat's Tha Phra Chan ក្នុងទីក្រុងបាងកក លើប្រធានបទ "ចក្ខុវិស័យព្រះធម៌ និងយុទ្ធសាស្ត្រការពារព្រំដែន"។
នៅពេលសួរពីការសង្កេតដែលមេបញ្ជាការភូមិភាគទី២ មិនបានឈរជើងនៅជួរមុខជាមួយកងទ័ពក្រោមបង្គាប់ ប៉ុន្តែលោកបែរជាស្នាក់នៅទីក្រុងបាងកកទៅវិញ ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន បានពន្យល់ថា មូលហេតុនេះ ដោយសារតែបច្ចុប្បន្នមានមេបញ្ជាការរងនៅតំបន់នោះ រួមជាមួយនឹងមេបញ្ជាការនៃក្រុមការងារ Suranaree ឈរជើងនៅទីនោះហើយដូច្នេះបានជាលោកស្នាក់នៅបាងកកបែបនេះ។
លោក ប៊ុនស៊ីន បន្តថានេះគឺជាដំណាក់កាលនៃការកែសម្រួលកម្លាំង ការពង្រឹងសន្តិសុខ និងការចរចា ដូច្នេះហើយទើបលោកឆ្លៀតឱកាសនេះដើម្បីជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ដើម្បីជួយប្រជាជនថៃ អភិវឌ្ឍស្នេហាប្រទេសជាតិ និងឯកភាពជាតិ៕
