
គណៈប្រតិភូជាច្រើននាក់បានដើរចេញពីសាលមហាសន្និបាតអង្គការសហប្រជាជាតិ ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ចាប់ផ្ដើមថ្លែងសុន្ទរកថា។
តាមការចេញផ្សាយពីសារព័ត៌មាន CNN នៅថ្ងៃទី២៦ កញ្ញា បានឲ្យដឹងថា ខណៈដែល នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងចាប់ផ្ដើមថ្លែងសុន្ទរកថា ក្នុងការប្ដេជ្ញាថា នឹងបញ្ចប់ការងារ នៃការលុបបំបាត់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា រួមទាំងបានថ្កោលទោសប្រទេសដទៃទៀតចំពោះការទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីននោះ ស្រាប់តែគណៈប្រតិភូមកពីប្រទេសមួយចំនួន បានដើរចាកចេញពីសាលមហាសន្និបាតអង្គការសហប្រជាជាតិភ្លាមៗ ដែលជាការបង្ហាញនូវការតវ៉ាទំទាស់ទៅនឹងការថ្លែងសុន្ទរកថារបស់ លោក នេតាន់យ៉ាហ៊ូ។
ក្នុងពេលជាមួយគ្នានេះ យោងតាមការឲ្យដឹងពីប៉ាឡេស្ទីន ដែលបានរាយការណ៍មកកាន់ CNN បានឲ្យដឹងថា ពួកគេមានអារម្មណ៍ថា "សង្រ្គាមបានចាប់ផ្តើមម្តងទៀត" ជាមួយនឹងការវាយប្រហារកាន់តែខ្លាំងរបស់អ៊ីស្រាអែលនៅភាគខាងជើង Gaza និង Gaza City ។
រីឯអង្គការថែទាំសុខភាពសំខាន់មួយក៏បាននិយាយដែរថា ពួកគេត្រូវបានបង្ខំឱ្យដកខ្លួនចេញពី Gaza ដើម្បីសុវត្ថិភាពរបស់ពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ មហិច្ឆតារបស់អ៊ីស្រាអែលនៅតែបន្តវាយប្រហាលើ Gaza ឥតឈប់ឈរ ដើម្បីលុបបំបាត់ក្រុមហាម៉ាស បើទោះប្រទេសដទៃទៀតបានប្រកាសថ្កោសទោសទង្វើដ៏ព្រៃផ្សៃរបស់អ៊ីស្រាអែលយ៉ាងណក៏ដោយ៕
