ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញមកបដិសេធថា ទំព័រ Facebook ឈ្មោះ «GRK Cambodia – ខ.ភ.ម» មិនមែនជាទំព័រ Facebook ផ្លូវការរបស់កងរាជអាវុធហត្ថនោះទេ។
យោងតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ថា កងរាជអាវុធហត្ថមានការផ្សព្វផ្សាយព័ត៌មានជាផ្លូវការ មានជាអាទិ៍៖ ទី១- GRK News , Spokesman of GRK , ទស្សនាវដ្តី កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ទី២-តាមសេចក្តីប្រកាសព័ត៌មានជាសាធារណៈ ដោយអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ជាមួយគ្នានេះ កងរាជអាវុធហត្ថ បានអំពាវនាវដល់បុគ្គល ដែលកំពុងក្លែងបន្លំជាកងរាជអាវុធហត្ថឈប់ជាបន្ទាន់ និងអំពាវនាវដល់សាធារណជនមេត្តាកុំ Follow Like Share ឬ Comments ចំពោះ Pages ឬគណនីហ្វេសប៊ុក ដែលមិនផ្លូវការរបស់កងរាជអាវុធហត្ថ។ កងរាជអាវុធហត្ថនឹងអនុវត្តច្បាប់ ចំពោះអំពើល្មើសច្បាប់នេះតាមនីតិវិធី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានមេត្តាជ្រាបនិងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ៕