2023-06-26 10:29
465


   ភ្នំបេញ៖     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុកែងផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។ 


យុវជនម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកឯម្នាក់ទៀតរងរបួសធ្ងន់ ខណៈបើកម៉ូតូប្រដេញគ្នាយ៉ាងលឿនបំពានភ្លើងស្តុបពណ៌ក្រហម ជ្រុលទៅបុករថយន្តដែលបើកឆ្លងភ្លើងពណ៌ខៀវចំពីមុខចំហៀងខាងឆ្វេងផ្លោងទៅមុខជាច្រើនម៉ែត្រ។
  សមត្ថកិច្ចបានឱ្យដឹងថា សពមានឈ្មោះសូ សំណាង អាយុ១៧ឆ្នាំ រស់នៅក្នុងបុរីកីឡា ខណ្ឌ៧មករា រាជធានីភ្នំពេញ។
  ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ស បើកដោយបុរសម្នាក់រួមដំណើរជាមួយប្រពន្ធនិងកូនតូចម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៥ ក្នុងទិសដៅពីជើងមកត្បូងបានបើកឆ្លងភ្លើងពណ៌ខៀវ ខណៈពេលបើកឆ្លងជិតដល់ពាក់កណ្តាលផ្លូវស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1CJ-7431 ជិះដោយយុវជន២នាក់ឌុបគ្នាតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន ពេលមកដល់ភ្លើងស្តុបមិនព្រមឈប់ក៏បន្តលឿនទៅបុករថយន្តកាមរីបាឡែនចំពីមុខចំហៀងខាងឆ្វេងពេញទំហឹង ផ្លោងទៅមុខជាច្រើនម៉ែត្រ ហើយភ្លាមនោះដែរប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានរត់ទៅមើលរួចបានទំនាក់ទំនងទៅខាងរថយន្តសាមុយមកដឹកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ភ្លាមៗ តែអកុសលដោយជនរងគ្រោះម្នាក់មានសភាពធ្ងន់ធ្ងរពេកបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ ចំណែកឯម្នាក់ទៀតកំពុងតែសង្គ្រោះបន្ទាន់។
   បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងព្រលឹត បានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕