2025-11-11 09:46
12

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះព័ត៌មានជាច្រើនដកស្រង់ពីសម្តីរបស់ថ្នាក់ដឹកនាំថៃ ដែលអះអាងថា “ផ្អាក” ការអនុវត្តសេចក្តីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ សេចក្តីថ្លែងការណ៍នោះ ត្រូវបានចុះហត្ថលេខាចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមប្រធានអាស៊ាន។

សេចក្តីរាយការណ៍ព័ត៌មានទាំងនេះ ក៏បានឱ្យដឹងដែរថា ព្រឹត្តិការណ៍ផ្ទុះមីន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យទាហានថៃពីរនាក់រងរបួស នៅព្រំដែនកម្ពុជា-ថៃ ត្រង់តំបន់ភ្នំទ្រព្យ ស្ថិតជិតប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានលើកឡើងថា ជាមូលហេតុនៃការផ្អាកអនុវត្តសេចក្តីថ្លែងការណ៍រួមខាងលើនេះ រួមទាំងការលុបចោលគម្រោងដោះលែងយោធិនខ្មែរ ចំនួន ១៨រូប ពីការឃុំឃាំងនៅប្រទេសថៃ ដែលភាគីថៃបានប្រកាសថានឹងអនុវត្តនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃ ថា “កម្ពុជាបានដាក់មិនថ្មី” នៅតាមព្រំដែនជាមួយប្រទេសថៃ។ វាជាការសំខាន់ដែលត្រូវកត់សម្គាល់ពីការដឹងឮយ៉ាងសុះសាយនូវការពិតថា ចម្ការមីនភាគច្រើនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបន្សល់ទុកពីជំនាន់ សង្គ្រាមស៊ីវិលកម្ពុជារយៈជិត ៣០ឆ្នាំ ក្នុងទសវត្សរ៍១៩៧០ និង ១៩៨០ មិនទាន់ត្រូវបានបោសសម្អាតនៅឡើយទេ ដោយសារតែភូមិសាស្ត្រលំបាក និងស្ថានភាពមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែន។

រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា «កម្ពុជានៅតែប្តេជ្ញាអនុវត្តសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានចុះហត្ថលេខាជាមួយ និងការសាទរយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ។ ក្នុងនាមជាប្រទេសដែលបាន គាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស កម្ពុជាមិនដែលបានប្រើប្រាស់ ហើយក៏នឹងមិនប្រើប្រាស់មីនថ្មីឡើយ»៕