2023-06-28 17:10
496

កែប  ៖    ផ្លូវបេតុងនៅតំបន់ឆ្នេរអង្កោលជាសសៃតភ្ជាប់គ្នាជាមួយផ្លូវប្របមាត់សមុទ្រមួយខ្សែដែលមានប្រវែង២,០៥០ម៉ែត្រ និងមានទទឹង១១ម៉ែត្រ និងសំណង់សិល្ប សិក្សាមួយចំនួន ដែលស្ថិតនៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែបនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣នេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដែលគេរំពឹងខ្ពស់ថា ជាផ្លូវដ៏សំខាន់ ក្នុងការតភ្ជាប់រវាងផ្លូវប្របមាត់សមុទ្រដែលកំពុងស្ថាបនាក្រោមឥណទាន (ADB) ផ្លូវជាតិលេខ ១៣-៣២ដែលមានប្រវែងជាង១១គីឡូម៉ែត្រ ជាមួយផ្លូវបេតុង ក្នុងទិសដៅរុញទៅ តំបន់ឆ្នេរអង្កោលឱ្យកាន់តែរីកចម្រើនថែមមួយកំរិតបន្ថែមទៀត។ 

ផ្លូវមួយខ្សែនេះ បានសម្ពោធរួចរាល់នៅថ្ងៃទី២៨ ខែមិថុនានេះ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប លោក ងិន ងិនដា អភិបាលខេត្តស្តីទី និងឯកឧត្តម លោកជំទាវ អមដំណើរ ឯកឧត្តមទេសរដ្ឋមន្រ្តី។

លោក ងិន ងិនដា អភិបាលខេត្តស្តីទីបានថ្លែងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាមានការអភិវឌ្ឍន៍គ្រប់ទីកន្លែង ក្នុងនោះតំបន់អង្កោល ខេត្តកែប ពីដើមឡើយជាទីតាំងចុងកាត់មាត់ញក ខ្វះខាតរាប់តាំងពីផ្លូវធ្វើដំណើរចេញចូល ហើយជីវភាពពលរដ្ឋក៏ខ្សត់ខ្សោយណាស់ដែរ តែបច្ចប្បន្នទីនេះបានប្រែប្រួលគ្រប់យ៉ាង តាមរយៈការផ្តល់អោយជាបន្តបន្ទាប់ពីសំណាក់រាជរដ្ឋាភិបាល តំបន់នេះប្រែពីអត់ផ្លូវទៅមានផ្លូវ ពីផ្លូវគ្រួសក្រហម មកជាផ្លូវបេតុង ផ្លូវកៅស៊ូខ្វាត់ខ្វែង ដែលភ្ជាប់គ្នាប្រៀបដូចសរសៃឈាម ជាហេតុធ្វើអោយចរន្តសេដ្ឋកិច្ចមានការរីកចម្រើន ហើយជីវភាពធូធារទៅតាមនោះដែរ។ 

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ មានប្រសាសន៍ថា ក្រោមដំបូលនៃសុខសន្តិភាព ខេត្តកែបទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ លើការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ជាប្រយោជន៍សម្រាប់បម្រើឲ្យវិស័យសេដ្ឋកិច្ច សង្គមកិច្ច បង្កភាពងាយស្រួសដល់ការ ធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សជាដើម។ 

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានបន្តថា ខេត្តកែបជាខេត្តដែលរាជរដ្ឋាភិបាលផ្តល់អាទិភាពជាទិសដៅទេសចរណ៍កំរិតខ្ពស់ ក្នុងចំណោមខេត្ត ២ នៅទូទាំងកម្ពុជា ដូចនេះហើយជាបន្តបន្ទាប់រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិការមករៀបចំខេត្តនេះ ដោយក្នុងអាណត្តិកន្លងទៅ ខេត្តបានសម្រេចនូវសមិទ្ធផលជាច្រើន។

ក្នុងនោះផ្លូវមួយខ្សែដែលយើងបានសម្ពោធដាក់អោយប្រើប្រាស់នេះ ក៏ស្ថិតក្នុងចក្ខុវិស័យសម្រាប់អភិវឌ្ឍន៍តំបន់អង្កោលនេះដែរ ហើយអ្វីដែលយើងនឹងជំរុញបន្ថែមនោះ គឺទឹកស្អាត យ៉ាងយូរត្រឹមឆ្នាំ២០២៤ តំបន់អង្កោលត្រូវតែមានទឹកស្អាតចូលមកដល់ ដើម្បីពន្លឿនការអភិវឌ្ឍន៍ ស្របតាមសក្តានុពលដែលតំបន់នេះមាន។ 

គួរបញ្ជាក់ថា អង្កោល ស្ថិតក្នុងប៉ួលទាំង៤នៃខេត្តកែបសម្រាប់ អភិវឌ្ឍន៍វិស័យទេសចរណ៍ ដោយក្នុងនោះរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ កំពុងអនុវត្តន៍សាងសង់ផ្លូវបតុងមួយខ្សែដែលភ្ជាប់ពីឆ្នេរកែប មកឆ្នេរអង្កោល តាមរយៈផ្លូវបេតុងដែលទើបសម្ពោធ មួយខ្សែនេះបាន តភ្ជាប់ជាមួយផ្លូវជាតិលេខ១៣-៣២ រួចឆ្ពោះទៅច្រកទ្វាព្រំដែនអន្តរជាតិព្រែកចាក និងផ្លូវជាតិលេខ៣៣ ដែលកំពុងពង្រីកបន្ថែម គេជឿថា ក្រោយពីការស្ថាបនារួចរាល់បានសម្រេចហើយ នោះនិងមានជីវភាពប្រជាពលរដ្ឋនឹងកាន់តែធូធារបានរីកចម្រើនមួយកំរិតបន្ថែមទៀត។