ខេត្តបាត់ដំបង៖ លោកវសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះថា៖ កម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល និងក្រុងបាត់ដំបង បានធ្វេីការបង្ក្រាបករណីប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ០២លេីក កាលពីម្សិលមិញនេះ។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះករណីទី១, កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាស នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ចុះបង្រ្កាបបានឃាត់ខ្លួនមុខសញ្ញា ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០២នាក់ ១-ឈ្មោះ ខន ណូក ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និង២-ឈ្មោះ កិ សុគុណ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ករណីនេះ កម្លាំងនគរបាលស្រុករតនមណ្ឌលបានធ្វើការអប់រំ និងធ្វើកិច្ចសន្យារួចអោយអាណាព្យាបាលធានាយកទៅអប់រំបន្ដនៅមូលដ្ឋានវិញ ។
ករណីទី២, កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះបង្រ្កាបបានឃាត់ខ្លួនមុខសញ្ញា ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ឈ្មោះ សុន យូរី ភេទប្រុស ហៅ ពន្លឺ អាយុ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
បច្ចុប្បន្នកម្លាំងនគរបាលក្រុងបាត់ដំបង នៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះ បានកសាងសំណុំរឿងបញ្ជូនទៅមណ្ឌលកែប្រែពិភពនៃក្តីសង្ឃឹម ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីបន្សាបគ្រឿងញៀនតាមបណ្តឹង សំណូមពររបស់ក្រុមគ្រួសារ និងអាណាព្យាបាល៕