ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្តុបទេពផន តាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតអស់ចំនួន១កង់ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2N 7191 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរងការខូចខាតអស់មួយកង់ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅជំនាញមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕